សម្តេចតេជោ បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន សំរាប់ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៨ ២០២០


MC៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន សំរាប់ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើតនិងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់មេគង្គ-ឡានឆាងគឺជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ ៖ ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម នៅព្រឹកថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើតនិងរក្សាឱ្យបាននូវប្រភពកំណើ នថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ។ ដូច្នេះ យើងត្រូវខិតខំពន្លឿនការរៀបចំ និង ការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង ។
សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាប្រឈម នានានៅក្នុងតំបន់ គ្រប់ភាគីត្រូវលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនា-សម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់និង កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម នឹងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែននិង ពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល ។ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ ។
សម្លេង«ខ្ញុំ ជឿជាក់ថា នេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាននិង វាយតម្លៃច្បាស់លាស់មួយ ដើម្បីធានានូវប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង។ជាក់ស្តែងចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិ ការនេះ ក្នុងឆ្នាំ ២០១៦ មក កម្ពុជាបានទទួលគម្រោងចំនួន ៥៥ដែលគ្របដណ្តប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែងនិងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងទាំងអស់គ្នា ។ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ បានជំរុញឲ្យប្រទេសក្នុងតំបន់មេគង្គ-ឡានឆាងត្រូវបង្ហាញពីសាមគ្គីភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង » ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃប្រទេសចិន ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។មេគង្គ-ឡានឆាង មានប្រវែង ប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រក្រឡាដោយ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕