កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣បង្ហាញឆន្ទៈដ៏មោះមុតរួមគ្នាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២៤ ០៨ ២០២០


MC៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៣ បានបង្ហាញឆន្ទៈដ៏មោះមុតរួមគ្នាដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុង តំបន់ និងពិភពលោក ។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ដែលប្រព្រឹត្តទៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២០តាមរយៈប្រព័ន្ធវីដេអូ នៅឆ្នាំ២០២០នេះ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនោះ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការលើកយកប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាពរួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចំបាច់ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិប ត្តិការ និងបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត, ទាំងក្នុងកម្រិតតំបន់ និងសកល, សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់ ។
សម្តេចតេជោបញ្ជាក់ថា ក្នុងបរិការណ៍ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ, ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយសម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព,ស្ថិរភាពនិងការអភិវឌ្ឍប្រកប ដោយចីរភាព ។
សម្តេចតេជោបានបន្ថែមថា គ្រប់ភាគីទំាងអស់ត្រូវពង្រឹងកិច្ច សហប្រតិបត្តិការគ្នាអោយបានល្អ បន្ថែមទៀតដើម្បីធានាបានការទ្រទ្រង់ភាពជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ រួមទាំងក្នុងគ្រាមានសុខសន្តិភាព ក៏ដូចជាក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ១៩នេះ។
សំឡេង«ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០, យើងត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង, ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង ។នៅក្នុងបរិការណ៍នេះ, ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និង ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេសបន្ថែមទៀត នៃសកម្មភាពរួមរបស់យើង ។ ជាមួយគ្នានេះដែរ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និង ការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕