កសិករនៅភូមិស្រែតាប៉ានកែច្នៃទំពាំងឬស្សីធ្វើជាផ្អកទំពាំង

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង ២៤ ០៨ ២០២០


MC៖កសិករនៅភូមិស្រែតាប៉ានឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងបាននាំគ្នាបង្កើតក្រុមផលិត ផ្អកទំពាំងដើម្បីធ្វើជាអាហារត្រៀម សម្រាប់ដោះទាល់ ដូចក្នុងពេលកើតមានគ្រោះមហន្ករាយ ទឹកជំនន់ជាដើម។ហើយអាជ្ញាធរស្រុកបានគាំទ្រការបង្កើតឱ្យមានផលិតផលថ្មីមួយនេះព្រោះវាបានជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារ។
លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ មុខរបរផ្អកទំពាំងនេះកន្លងមកកសិករ ច្រើនបាននាំគ្នាធ្វើជាលក្ខណៈគ្រួសារសម្រាប់ជាស្បៀងត្រៀមបង្ការ ក្នុងពេលមានគ្រោះអាសន្នផ្សេងៗតែប៉ុណ្នោះ។
លោកថា៖បច្ចុប្បន្នអាជ្ញាធរ បានលើកទឹកចិត្តឱ្យបងប្អូនកសិករយើងរៀបចំជាក្រុមចាប់ពី១៥ទៅ២០គ្រួសារ សហការគ្នាបង្កើតជាភូមិមួយផលិតផលមួយ ឱ្យមានជាប្រចាំនៅក្នុងភូមិដើម្បីបាន លក់ផងបរិភោគផង និងបានរួមចំណែកកាត់បន្ថយការធ្វើនេសាទក្នុងរដូវបិទនេសាទនេះផងដែរ។
លោកស្រីថៃណាង រស់នៅក្នុង ភូមិស្រែតាប៉ាន បានអះអាងថា ពួកគាត់មិនដែលបាននឹកឃើញបង្កើតរបរនេះទេ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់មេគង្គចេះតែលិចលង់ច្រើនលើកច្រើនសារពេកបង្កឱ្យប្រជាពលរដ្ឋនៅតំបន់នេះខ្លះខ្វះខាតស្បៀងព្រោះបន្លែបង្កាក៍ត្រូវលិចលង់អស់ដែរ។
លោកស្រីថា៖គ្រោះមហន្តរាយបែបនេះ ទើបពួកគាត់នាំគ្នារៀបចំជាក្រុមទៅរកទំពាំងឬស្សីមកចំហុយ ធ្វើជាផ្អកត្រពាំង ទុកធ្វើជាអាហារជំនួសបន្លែ ហើយមានទីផ្សារស្រួលលក់និងសម្រាប់ដោះទាល់ នៅពេលមានគ្រោះអាសន្នបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ។
លោកផាយឡា មេភូមិស្រែតាប៉ានបានគាំទ្រចំពោះមុខរបរនេះព្រោះកសិករយើងនិងមានចំណេះមួយប្រចាំគ្រួសារ ហើយកាលពីជីដូនតាមក ធ្លាប់តែមានទំពាំងគ្រៀម ហាលថ្ងៃទុកតែបណ្ណោះ។
លោកបន្តថា៖បច្ចុប្បន្នប្រជាពលរដ្ឋយើងចេះកែច្នៃ យកទំពាំង មកចំហុយច្រកថង់រក្សារទុកបានយូរ ហើយ នាំទៅលក់នៅទីផ្សាតាមការបញ្ជាទិញក្នុងពេលទឹកលិចលង់បន្លែបង្ការអស់ ដោយបានផ្អកទំពាំងនេះលក់បានតម្លៃថ្លៃ ក្នុងមួយគីឡូចាប់ពី៣០០០ទៅ៥០០០រៀល ។
សូមបញ្ជាក់ថា៖ក្រុមផលិតផ្អកទំពាំងនេះ ទើបបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ មានគ្នាចាប់ពី១៥គ្រួសារទៅ២០គ្រួសារក្នុងមួយក្រុម បច្ចុប្បន្ន មាននៅភូមិហាងសាវ៉ាត -ភូមិស្រែតាប៉ានក្នុងឃុំសាមឃួយ និងនៅភូមិស្តៅ-ឃុំស្តៅ-ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ៕