សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ។ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។
កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុល ភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសសមា ជិកមេគង្គ-ឡានឆាង នឹងផ្តោតការយក ចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹង ប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ -១៩។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើក កម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋម ន្រ្តី ចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯក ឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ, ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួ ងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តមលី ខឺឈាង ក្នុងកិច្ច ប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២៕