កសិដ្ឋានដាំឈើហូបផ្លែឃុំអូរឬស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែងបង្កើនការថែរក្សា ផលិតផលប្រចាំតំបន់

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង ២៤ ០៨ ២០២០


M.C កសិដ្ឋានដំាឈើហូបផ្លែនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូកខេត្តស្ទឹងត្រែង បានរៀបចំផែនការដាំផ្លែត្របែកផ្អែមជាង២០០០ដើមបន្ថែមទៀត នៅឆ្នាំ២០២០នេះ ដើម្បី តបតាមការណែនាំរបស់គណៈកម្មាធិការស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម ធ្វើឱ្យ ភូមិមួយមានផលិតផលមួយ មាននិរន្តរភាព ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយការណ៍៖
ក្នុងសកម្មភាពកាត់បន្សាំកូនត្របែក នៅកសិដ្ឋានឈើហូបផ្លែ លោកសៅ ម៉េងអាន ម្ចាស់កសិដ្ឋាននិងជាអ្នកបច្ចេកទេសដំណាំនេះ បានបញ្ជាក់ថា៖ លោកប្រឹងប្រែងដាំដំណាំត្របែកផ្អែម ដើម្បីបានផ្លែលក់ជាប្រចាំជូនអតិថិជន និងបាននាំចេញទៅកាន់ទីផ្សារក្នុងខេត្តនិងក្រៅខេត្តផងដែរ ។
លោកបន្តថា កសិករប្រចាំតំបន់នេះបានកំណត់យកដំណាំត្របែកផ្អែម ធ្វើជាផលិតផលមួយភូមិមួយសម្រាប់ដាក់បញ្ចូលប្រកួតប្រជែងទៅលើទីផ្សារ ហើយ បច្ចុប្បន្នមានអតិថិជនគាំទ្រច្រើន។ ដូចនេះសូមឱ្យបងប្អូនកសិករយើងមកសិក្សាពីបច្ចេកទេសដាំដុះថែទាំ និងយកពូជទៅដាំបន្តឱ្យបានច្រើនគ្នានៅលើផ្ទៃដីដែលមានប្រភពទឹកគ្រប់គ្រាន់។
លោកឯមសាវីន កសិករមកពី ខេត្តកំពង់ចាមបានទទួលស្គាល់ថា៖ដំណាំឈើហូបផ្លែ(ត្របែកផ្អែម)មានទីផ្សារស្រួលលក់ជាងដំណាំឧស្សហកម្ម ផ្សេងៗ ព្រោះឈ្មួញបង្អាប់ថ្លៃមិនបាន ។
លោកបន្តថា៖ពួកគាត់មកធ្វើការនៅកសិដ្ឋានឈើហូបផ្លែនេះបានរយៈពេលជាង៣ឆ្នាំមកហើយ
ដោយបានសិក្សាយកចំណេះដឹងផង និងធ្វើពលកម្មទទួលយកប្រាក់ឧបត្ថម្ភពីម្ចាស់កសិដ្ឋាននេះផងសម្រាប់ដោះស្រាយចិញ្ចឹមជីវភាព ដោយមិនចាំបាច់ទៅធ្វើពលករនៅក្រៅប្រទេស។
លោកស្រីតែមមករាជាអាជីវករលក់ផ្លែឈើនៅចំណុចអូរពងមាន់ក្រុងស្ទឹងត្រែង បានទទួលស្គាល់ថាផ្លែត្របែកផ្អែមដែលកសិករដាំនៅខេត្តស្ទឹងត្រែងហើយនាំយកមកលក់មានទីផ្សារ ស្រួលលក់ជាងផ្លែឈើផ្សេងៗទៀត ។ ព្រោះប្រជាពលរដ្ឋយើងបានស្គាល់ទីតាំងប្រភពដាំដុះបែបធម្មជាតិច្បាស់លាស់ មិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
សូមបញ្ចាក់ថា៖កសិដ្ឋានដំណាំឈើហូបផ្លែនេះបានបង្កើតឡើងជាង១០ឆ្នាំហើយ បច្ចុប្បន្នបានបណ្តុះពូជលក់បន្ត ក្នុងនោះមានកូនស្វាយចន្ទី -ស្វាយកែវរមៀត-ក្រូចពោធិសាត់-ក្រូចឆ្មារ- ទៀប -ត្របែក-មៀន-ខ្នុរ-ទុរេន-ទៅតាមបច្ចេកទេសកសិកម្មហើយកសិករបាននិយមទិញទៅដាំដុះផងដែរ។