រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស

AKP កណ្តាល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី មន្ត្រីរាជការ កងកម្លាំងប្រជាការពារ និងយុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សម្ដេចឧត្ដមមុនី ជា សំអាង ព្រះមេគុណខេត្ត ព្រមទាំងសង្ឃ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង ៦០០នាក់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ភាពជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សព្វផ្សាយជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឱ្យខេត្តកណ្ដាល មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទន្ទឹមនឹងមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានចូលរួមក្នុងការផ្សព្វ ផ្សាយជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌមានប្រសាសន៍បន្តថា បើទោះបីជាកន្លងមកខេត្តកណ្ដាលមានការផ្ទុះនូវជំងឺកូវីដ-១៩ក្ដី តែរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានវិធានការយ៉ាងល្អ ក្នុងការបង្ការ និងទប់ស្កាត់ មិនឱ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។ ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តន៍ឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់ឱ្យបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តន៍បានល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនឱ្យមានការរីករាលដាលក្នុងសហគមន៍ឡើយ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)