រយៈពេលឈប់សម្រាក ៥ថ្ងៃ ភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីប្រមាណជាង ៤ម៉ឺននាក់

វិទ្យុជាតិកម្ពុជា ស៊ីផុន ហ៊ុងគ្រី មណ្ឌលគិរី ២២ ០៨ ២០២០


មណ្ឌលគិរី៖ នៅក្នុងឱកាសឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខ្មែរ រយៈពេល៥ថ្ងៃ សម្រាប់ខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាន្ត នៃប្រទេសកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករ សម្រុកចូលមកលេងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ព្រោះតែអាកាសធាតុត្រជាក់ ធម្មជាតិស្រស់បំព្រង និងហេដ្ឋារចនាសម្ពន្ធផ្លូវល្អប្រសើរ ជាពិសេសកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ គឺត្រូវបានពេញទាំងអស់ ហើយភ្ញៀវទេសចរមួយចំនួនទៀត បានស្នាកអាស្រ័យតាមផ្ទះបងប្អូន ផ្ទះប្រជាពលរដ្ឋ និងនៅតាមវត្តអារាមនានាផងដែរ។ ព្រមជាមួយនេះ នៅគ្រប់គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមានការពិនិត្យវាស់កំដៅ ការលាងសំអាតដៃ ដោយអាកុល ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព។
តាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា គិតរយៈពេល៥ថ្ងៃ នៃឱកាសឈប់សម្រាកសង់ជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២១សីហា ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរចូលមកកម្សាន្តចំនួន៤៣.៧១៤នាក់ ក្នុងនោះទេសចរជាតិចំនួន៤៣.៥១០នាក់ ភ្ញៀទេសចរបរទេសចំនួន ២០៤នាក់ ហើយតួលេខនេះបើធៀបនឹងរយៈពេល ដូចគ្នាកាលពីឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩ ឃើញថាមានការកើនឡើង៦៨,៥៨%។ លោក ងិន សុវិមាន បានឱ្យដឹងថា កំណើនភ្ញៀវទេសចរយ៉ាងច្រើនបានចូលទៅកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ចំណែកគោលដៅទេសចរណ៍ដែលមានភ្ញៀវចូលទៅកម្សាន្តច្រើនជាងគេនោះ មានរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ទឹកអូរផ្លាយ ទឹកជ្រោះលែងឃិន សមុទ្រឈើ ភ្នំដោះក្រមុំ និងភ្នំអណ្ដូងស្នេហ៍ជាដើម។ លោកប្រធានមន្ទីរ បញ្ជាក់ថា កត្តាដែលជំរុញឲ្យភ្ញៀវទេសចរចូលមកកម្សាន្តខេត្តមណ្ឌលគិរី កើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ ព្រោះតែខេត្តមណ្ឌលគិរី មានសក្តានុពលទេសចរណ៍ល្អប្រសើរ មានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ជាពិសេស រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលអាចទាក់ទាញភ្ញៀវ ទេសចរចូលទស្សនាកម្សាន្តច្រើនជាងគេ និងសន្តិសុខសណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍អាចទៅដល់មានចំនួន ៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់៕