សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយនៅពេលពលរដ្ឋ ធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព

APP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសម្តែងក្តីរីករាយនៅពេលពលរដ្ឋធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។

សម្តេចបានលើកឡើងថា« សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំពិតជារីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានឱកាសបានឈប់សម្រាកនាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។»

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរនៅក្នុងពេលឈប់សម្រាកដែលមានរយៈពេល៥ថ្ងៃកន្លងមកនេះ។

សម្តេច បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩អោយសោះ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់៕ អរគុណសន្តិភាព!

ដោយ៖ កន ចំណាន