ជប៉ុនស្នើសុំកម្ពុជាបើកដំណើរការសកម្មភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ កុសល​

នៅវិមានសន្តិភាព នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19សម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺឯកឧត្តមបានសង្កេតឃើញថាកម្ពុជាមានការ អភិវឌ្ឍន៍ រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានស្នើសុំសម្តេចតេជោ ឲ្យបើកដំណើរការនូវការហោះហើរ និង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឡើងវិញ រវាងប្រទេសទាំងពីរផងដែរ។ លើសពីនេះទៀត ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោ ផងដែរថា និស្សិតកម្ពុជាចំនួន១៩នាក់ នឹងត្រូវទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថាៈភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយទៅលើកំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើឲ្យកំពង់ផែនោះ អាចទទួលកប៉ាល់ធំៗឲ្យចូលចតបាន ហើយឯកឧត្តមបានស្នើសុំសម្ដេចតេជោគាំទ្រគម្រោងនេះផង។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រី ការបរទេសជប៉ុនសារជាថ្មីទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បាន អរគុណ ដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួមទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ពលករក៏ដូចជានិស្សិតកម្ពុជា ដែលកំពុងតែសិក្សានិងបម្រើការងារនៅប្រទេសជប៉ុន។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការសកម្មភាព ទំនាក់ទំនង ក៏ដូចជាវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗឡើងវិញ រវាងកម្ពុជានិងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀត។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ១ពាន់២រយលានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ៨០០ លានដុល្លារ ។ ដោយឡែកនៅក្នុងរយៈពេល៩ខែឆ្នាំ២០២០ នេះ ទំហំពាណិជ្ជកម្មប្រទេស ទាំងពីរ មានប្រមាណ៨០០លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា ប្រមាណ៣០០លានដុល្លារ។ សម្ដេចតេជោក៏បានស្នើឲ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណាណា (សូមពិនិត្យឈ្មោះក្រុមហ៊ុន នេះផង) ដែលការហោះហើរនេះ នឹងអាចនាំអោយការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ហើយត្រូវអនុវត្តនូវវិធានការ មួយចំនួន ផងដែរ។ ជាទីបញ្ចប់ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជាជាពិសេសជាមួយនឹងកម្មវិធីជំនួយ ក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះមិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញកំពុងតែដំណើរការជាប្រក្រតី៕