កសិករដាំត្រប់ស្រួយនៅស្រុកសូទ្រនិគមខេត្តសៀមរាបអាចរកចំណូលបានប្រមាណ១០០ដុល្លាក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០


MC. កសិករដាំត្រប់ស្រួយនៅស្រុកសូទ្រនិគមខេត្តសៀមរាបអាចរកចំណូលបានប្រមាណ១០០ដុល្លាក្នុងមួយថ្ងៃ ដែលជួយលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារបានកាន់តែប្រសើរ។

ត្រប់ស្រួយ គឺជាដំណាំមួយប្រភេទដែលត្រូវបានបងប្អូនកសិករនិយមដាំដុះ ដើម្បីបរិភោគក្នុងក្រុមគ្រួសារ និងយកទៅផ្គត់ផ្គង់តម្រូវការទីផ្សារទូទៅ។លោកវ៉ាញ វ៉ុញ ជាកសិកររស់នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមដាំដំណាំ តាំងពីឆ្នាំ១៩៩៥មក ហើយ ដោយមើលឃើញពីទីផ្សារដំណាំត្រប់ស្រួយអំណោយផលល្អ លោកក៏ចាប់យកការងារនេះជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ បានដាំដុះត្រប់ស្រួយលើផ្ទៃដីចំនួន១០០០ម៉ែត្រក្រឡា។
លោកបានបញ្ជាក់ថា ត្រប់ស្រួយ ជាប្រភេទដំណាំងាយស្រួលដាំហើយអាចប្រមូលផល បានយូរហូតដល់ ជាង១ឆ្នាំកន្លះទៅតាមការថែទាំ។លោកបន្តថា ក្នុងទំហំផ្ទៃដីជាង១០០០ម៉ែត្រក្រឡា គឺប្រមូលបានជាមធ្យម៦០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃម្តងដោយក្នុង១គីឡូក្រាមមានតម្លៃ១២០០រៀល។លោកបន្តថា មុនចាប់ផ្តើមដំាត្រប់ស្រួយនេះ កសិករក៏ត្រូវចេះនិងស្វែងយល់ពីដំណំាប្រភេទនេះ ទាំងការជ្រើសរើសដី ការបណ្តុះកូន ការថែទាំ និងដាក់ជីផងដែរ។
សំឡេង៖ដាំលើផ្ទៃដី១០០០ម៉ែត្រក្រឡា មុននិងឈានទៅដាំដុះ យើងរៀបចំដីមានទីទួលខ្ពស់នៅខែវស្សា ភ្ជួររាស់ឲ្យបានពីរទៅបីដង បន្ទាប់មកយើងជ្រើសរើសពូជ ដើម្បីលូតលាស់ល្អ បន្ទាប់មកយើងធ្វើការបណ្តុះ ក្នុងការបណ្តុះមានវិធីសាស្ត្រពីរ គឺទីមួយបណ្តុះដាក់កន្តោង ទីពីរបណ្តុះនៅលើថ្នាល មុនបណ្តុះត្រូវរៀបចំដី មានលាមកគោ ធ្យូងអង្កាម និងដីកំប៉ុស្តគឺពុកផុយល្អ។
ត្រប់អាយុកាលវែងណាស់អាចដល់១ឆ្នាំឬ១ឆ្នាំកន្លះ បើយើងថែទាំជាប្រចាំ ត្រប់គិតចាប់ពីបណ្តុះទៅ៧០ថ្ងៃជាង ទើបបានផល បើថែទាំវាល្អ ខ្ញុំតែងលក់មធ្យមមិនខ្ពស់ពេក មិនទាបពេក គឺ១២០០៛ តែងប្រមូលផលពីរថ្ងៃម្តង ដី១០០០ការ៉េបាន៦០០គីឡូក្នុង២ថ្ងៃ។
លោកវ៉ាញ វ៉ុញ បានបន្ថែមទៀតថា ចំពោះបញ្ហាទីផ្សារវិញគឺមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះថាពេលដាំបានហើយ មានឈ្មួញកណ្តាលមកទទួលទិញដល់លំនៅដ្ឋានតែម្តង។ សូមបញ្ជាក់ថា តាមការប៉ាន់ស្មានបរិមាណផលបន្លែគ្រប់មុខ ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២០ ខេត្តសៀមរាប ទទួលបានទិន្នផល សរុប៧ ៣២៦តោន។ ជាទូទៅតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវការហូបបន្លែជាមធ្យមប្រមាណ៨០ទៅ ១០០តោន ក្នុងមួយថ្ងៃខណៈដែលក្នុងខេត្តសៀមរាបជួបនូវការខ្វះបន្លែប្រមាណពី២០តោន ទៅ ៣០តោនក្នុងមួយថ្ងៃ៕