CAMSOC :បន្ទាប់ពីបញ្ចប់ស៊ីហ្គេមនៅវៀតណាម នឹងដឹងច្បាស់ថាតើប្រភេទកីឡាណាខ្លះ ដែលត្រូវដាក់បញ្ជូលក្នុងស៊ីហ្គេម នៅកម្ពុជា លើកទី៣២ ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីបញ្ចប់ស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ យើងនឹងដឹងច្បាស់ថា តើប្រភេទកីឡាណាខ្លះ ដែលត្រូវដាក់បញ្ជូលក្នុងស៊ីហ្គេម នៅកម្ពុជា ហើយនៅឆ្នាំ២០២២ គឺជាឆ្នាំដែលសម្រេចចុងក្រោយបង្អស់ផ្លូវការ មានន័យថា ប្រភេទកីឡាដែលកម្ពុជាកំណត់រួចហើយនោះ នឹងដាក់ឆ្លងជូនទៅសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឯកភាព ទើបកម្ពុជាអាចអនុវត្តបាននៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជាបាន ។
ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ប្រាប់អំពីផែនការយុទ្ធសាស្ត្រ និង ការវាយតម្លៃចំណាត់ថ្នាក់ប្រភេទកីឡាប្រកបដោយភាពជឿជាក់យ៉ាងមុតមាំបំផុត ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។ឯកឧត្តម បន្តថា ប្រភេទកីឡាត្រៀមលក្ខណៈសម្បត្តិ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺមានពី៣០ ទៅ ៣៥ប្រភេទកីឡា ហើយឯកឧត្តម បានពន្យល់ថា ហេតុអ្វីបានជាយើងមិនកំណត់យក៣៥ប្រភេទកីឡាតែម្តង គឺដោយសារតែប្រភេទកីឡាខ្លះមានភាពមិនច្បាស់លាស់ ក្នុងការដាក់បញ្ជូលឲ្យប្រកួត ឬមិនប្រកួតនៅឡើយ ដូច្នេះយើងទុក៥ប្រភេទកីឡាទុកឱកាសឲ្យសមាជិកស៊ីហ្គេមសំណូមពរ។
នៅក្នុងចំណោម៣០ទៅ៣៥ប្រភេទកីឡា ត្រូវបានចែកចេញជា៣ចំណាត់ថ្នាក់ ដោយចំណាត់ថ្នាក់ទី១ គឺជាប្រភេទកីឡា ដែលម្ចាស់ផ្ទះត្រូវតែរៀបចំជាកាតព្វកិច្ចជាគោលការណ៍របស់ចលនាអូឡាំពិក ដូចជាប្រភេទកីឡាអត្តពលកម្ម និងហែលទឹក។ ចំណាត់ថ្នាក់ទី២ គឺជាប្រភេទកីឡា ដែលមាននៅក្នុងការប្រកួតអូឡាំពិក និងកម្មវិធីប្រកួតក្នុងអាស៊ី និងចំណាត់ថ្នាក់ទី៣ គឺប្រភេទកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រភេទកីឡាប្រពៃណីរបស់កម្ពុជា ដូចជាគុនល្បុក្កតោ អុកចត្រង្គ គុនខ្មែរ (ឬប្រដាល់សេរី) ចំបាប់បុរាណ ដែលយើងបានចែកចំណាត់ថ្នាក់ទាំងអស់នេះរួចរាល់អស់ហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺយន្តការនៃការវាយតម្លៃនៃប្រភេទកីឡារបស់កម្ពុជាក្នុងចន្លោះពី៣០ទៅ៣៥កីឡានេះ មិនមែនត្រូវតែដាក់បញ្ជូលទាំងអស់នោះឡើយ។ វាត្រូវបានវាយតម្លៃទៅលើកីឡាណាខ្លះដែលមានសក្តានុពល មានលទ្ធផលល្អ ឬកម្រិតបច្ចេទេសកីឡាមានសិទ្ធិផលល្អ ដែលអាចឈានទៅដល់ការប្រកួតប្រជែងបានមេដាយ។ ប្រសិនបើយើងរៀបចំដាក់តែប្រភេទកីឡាណា ដែលសម្រាប់តែបណ្តាប្រទេសចូលរួមដណ្តើមបានមេដាយទាំងអស់នោះ គឺពិតជាមិនស័ក្តិសមនឹងការខិតខំប្រឹងប្រែង ឬមិនត្រឹមត្រូវទៅតាមការប្រកួតជំនាញនោះទេ ។
ឯកឧត្តម អគ្គលេខាធិការបញ្ជាក់បន្ថែមថា ដើម្បីឲ្យការប្រកួតប្រកបដោយយុត្តិធម៌ គឺយើងត្រូវតែពិនិត្យមើលនូវកម្រិតបច្ចេកទេសរបស់ខ្លួនធៀបទៅនឹងកម្រិតបច្ចេកទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ផងដែរ ដោយការវាយតម្លៃជាង៣០ប្រភេទកីឡារបស់កម្ពុជា ទើបតែត្រូវបានធ្វើឡើងនាដើមឆ្នាំ២០២០នេះប៉ុណ្ណោះ ក្រោយពីយកលទ្ធផលវាស់ស្ទង់ពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយកម្ពុជានឹងវាយតម្លៃវាស់ស្ទង់ចុងក្រោយ បន្ទាប់ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ និងថ្ងៃពិធីបិទ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២១ យើងនឹងដឹងច្បាស់ថា តើប្រភេទកីឡាណាខ្លះ ដែលត្រូវដាក់បញ្ជូលក្នុងស៊ីហ្គេម នៅកម្ពុជា ហើយនៅឆ្នាំ២០២២ គឺជាឆ្នាំដែលសម្រេចចុងក្រោយបង្អស់ផ្លូវការ មានន័យថា ប្រភេទកីឡាដែលកម្ពុជាបានកំណត់រួចហើយនោះ នឹងដាក់ឆ្លងជូនទៅសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឯកភាព ទើបកម្ពុជាអាចអនុវត្តបាននៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជាបាន ៕