រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកពង្រឹងការអនុវត្តន៍វិធានការពារជំងឺកូវីដ១៩បានខ្ជាប់ខ្ជួន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ០៨ ២០២០


MC៖អាជ្ញាធរសំបូរព្រៃគុកបានណែនាំដល់ក្រុមសេវាករទេសចរទាំងអស់ ត្រូវអនុវត្តន៍អនាម័យសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឲ្យមានការចម្លងជំងឺកូវីដ១៩ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរបានបង្កើតជាក្រុមការងារចុះអប់រំ នៅតាមអាហារដ្ឋានសហគមន៍ ផ្ទះស្នាក់សហគមន៍ នៅជុំវិញប្រាសាទ មគ្គុទេសក៏ទេសចរណ៍ កន្លែងលក់វត្ថុអនុស្សាវរីយ កន្លែងតម្បាញ និងអ្នកលក់ដូរទាំងអស់នៅក្នុងតំបន់ប្រាសាទសំបូរសំបូរព្រៃគុក ដោយត្រូវអនុវត្តន៍អនាម័យឲ្យបានខ្ជាប់ខ្ជួន លាងដៃជាមួយសាប៊ូរឺចែល រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ជាដើម ។
លោកបានបន្តថា បច្ចុប្បន្ននេះរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានភ្ញៀវទេសចរជាតិទៅលេងកម្សាន្តជាប្រចាំ ដោយសារតែរមណីយដ្ឋានមានកន្លែងពិសារម្ហូបអាហារ ផ្ទះស្នាក់សហគមន៍ ផ្សារលក់វត្ថុអនុស្សាវរីយ៍ មានដើមឈើតូចធំដុះពាសពេញដែលជាទីមនោរម្យសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ។
សំឡេង«ក្រោយពីក្រសួងទេសចរណ៍បានដាក់នូវវិធានសុវត្ថិភាពទេសចរ មន្ទីរបានបង្កើតជាក្រុមការងារ ចែកជាក្រុមការងារចុះទៅតាមគោលដៅ មិនថារមណីយដ្ឋានគឺថាគ្រប់សេវាទេសចរទាំងអស់ជាពិសេសប្រាសាទសំបូរព្រៃគុកគឺខាងក្រុមការងារចុះទៅអប់រំនៅអាហារដ្ឋានទាំង៤សហគមន៍គឺពន្យល់គាត់ពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមការណែនាំរបស់ក្រសួង និងចុះអប់រំនៅផ្ទះស្នាក់ ដែលមាន៩ផ្ទះស្នាក់នៅជុំវិញប្រាសាទសំបូរព្រៃគុកហ្នឹង និងមគ្គុទេសក៍ទេសចរ អ្នកតម្បាញនិងអ្នកលក់ដូរទាំងអស់នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឲ្យគាត់យល់អំពីវិធាន សុវត្ថិភាពទេសចររបស់ក្រសួងទេសចរជាគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល » ។
លោក សេង អាន បានឲ្យដឹងថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយប្រាសាទបុរាណរាប់រយលាតសន្ធឹងលើផ្ទៃដីប្រមាណពី៥ទៅ៧គីឡូម៉ែត្រកសាងឡើង អំពីឥដ្ឋក្នុងសតវត្សទី៧ ជាកេរមរតកប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនូវភស្តុតាងជាច្រើន សម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្តនិងសិក្សាស្រាវជ្រាវ ។
សូមបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅប្រទេសប៉ូឡូញ ។ ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ៕