ក្នុងឱកាសឈប់សម្រាកនេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង៥ពាន់នាក់

វិទ្យុជាតិកម្ពុជាលោក គឹមហឿនស្ទឹងត្រែង
M.Cមន្ត្រីជំនាញបានឱ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃនេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង៥ពាន់នាក់ ដែលភាគច្រើនបំផុតនោះជាភ្ញៀវជាតិ បើទោះបីរដូវនេះមានភ្លៀងបង្កផលប៉ះពាល់ដល់ការធ្វើដំណើរខ្លះៗក៏ដោយ។
លោកអ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តនេះ បានបញ្ជាក់ថា គ្រាន់តែគិតត្រឹមតែរយៈពេល៣ចាប់ពីថ្ងៃទី១៧ដល់១៩ខែសីហា ឆ្នាំ២០២០ គឺមានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តដូចជា៖ រមណីយដ្ឋានបក្សីមេគង្គ អូរឬស្សីកណ្តាល រមណីយដ្ឋានផ្សោតព្រះរំកិល ដោយពួកគាត់មានការយល់ដឹងច្រើនលើផ្នែកបរិស្ថាន និង វិធានបង្ការជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថាស្នងការនគរបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានប្រចាំការនៅតាមរមណីយដ្ឋាន និងទីប្រជុំជននានា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរកម្សាន្តប្រកបដោយសុវត្ថិភាព។
លោកស្រី រ៉ាទី ភ្ញៀវទេសចរមកពីខេត្តក្រចេះបានសម្តែងការកោតសសើរចំពោះមន្ត្រីនិងប្រជាសហគមន៍ទេសចរណ៍នីមួយៗ ដែលបានរៀបចំបានល្អទាំងផ្នែកបរិស្ថាន សេវាម្ហូបអាហារ និងសេវាស្នាក់នៅ ហើយតម្លៃវិញក៏សមរម្យអាចទទួលយកបាន។
សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលដើរកម្សាន្តនៅខេត្តស្ទឹងត្រែងភាគច្រើនគឺមកពីខេត្តក្រចេះ កំពង់ចាម កំពង់ធំ ព្រៃវែងកំពត ព្រះវិហារ សៀមរាប មណ្ឌលគិរី រតនគិរី និង ខេត្តបន្ទាយមានជ័យជាដើម៕