ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរី៖ ក្នុងរយៈពេល៥ថ្ងៃ ភ្ញៀវទេសចរមក​លេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តមាន​ចំនួន​ជាង ៥០,០០០នាក់​

AKP រតនគិរី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានបញ្ជាក់ថា នៅក្នុងរយៈពេល៥ថ្ងៃ នៃ​ការឈប់​សម្រាកសងថ្ងបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរចំនួន៥០,៦២៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៧៩នាក់ បានមកលេងកម្សាន្តនៅ​តំបន់​រមណីយដ្ឋាន​នានាក្នុងខេត្តរតនគិរី បណ្តាលឱ្យ​ផ្ទះសំណាក់ និង​សណ្ឋាគារជាច្រើន មានភ្ញៀវស្នាក់នៅពេញ​ទាំងអស់។​ នេះបើតាមការបញ្ជាក់របស់លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរីបានឱ្យដឹងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២០​។

លោក ង៉ែត ពិទូ បានលើកឡើងថា គិត​ត្រឹម​ល្ងាចថ្ងៃទី​២១ ភ្ញៀវទេសចរបានមក​       ទស្សនា​កម្សាន្តតាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន ១៤ កន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ ហើយ​រមណីយដ្ឋានដែល​កំពុង​ពេញនិយម និង​មាន​ភ្ញៀវទេសចរ ទៅលេង​កម្សាន្តយ៉ាងច្រើន​នោះ គឺ​រួមមាន បឹងយក្សឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរស៊ឺនលែ រមណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីយដ្ឋានដទៃទៀតដែរ ដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ លោកបានកត់សម្កាល់ឃើញថា ក្នុងរយៈពេល៥ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត គឺភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។

ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍មានស្មារតីម្ចាស់ការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនឱ្យបាញ់កម្ដការលាងសម្អាតដៃនៅតាមឡាបូ សាធារណៈដែលបានរៀបចំជូននៅតាម រមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ដក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានរលកទី២នៃការរាតត្បាតជំងឺកូវីដ-១៩។

លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕ដោយ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្ដរតនគិរី