ដំឡូងមីរបស់កសិករខេត្តត្បូងឃ្មុំកំពុងលូតលាស់ល្អអាចប្រមូលផលបាននៅខែតុលាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 21,08,2020


MC ៖ ដំណាំដំឡូងមីរបស់ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំកំពុងលូតលាស់បានយ៉ាងល្អ ដែលអាចប្រមូលផលបាននៅខែតុលាខាងមុខនេះ បន្ទាប់ពីមានការចុះណែនាំនិងផ្តល់បច្ចេកទេសពីខាងមន្ត្រីជំនាញជាបន្តបន្ទាប់ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា កន្លងមកប្រជាកសិករតែងតែជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការជ្រើសរើសពូជ ដែលកសិករជ្រើសរើសពូជមិនបានត្រឹមត្រូវ ដែលបង្កឲ្យមានជំងឺទៅលើដើមដំឡូងមី រួញស្លឹកធ្វើឲ្យប៉ះពាល់ដល់ទិន្នផលធ្ងន់ធ្ងរ ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ប្រជាកសិករបានជ្រើសរើសពូជត្រឹមត្រូវបានច្រើន ដោយមានការណែនាំពីមន្ត្រីជំនាញ ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយ៉ាងច្បាស់លាស់ ។
លោកបានបញ្ជាក់ថា ប្រជាកសិករនៅខេត្តត្បូងឃ្មុំបានចាប់ផ្តើមដាំដំណាំដំឡូងមីនៅខែមេសា ហើយការប្រមូលផលវិញនឹងប្រព្រឹត្តទៅនៅក្នុងខែតុលាខាងមុខ ដោយបានជ្រើសរើសពូជរ៉ាយ៉ង៧៩ ពូជរ៉ាយ៉ង៦០ ពូជUK ៥០ និងពូជជាច្រើនប្រភេទទៀត ។
សំឡេង ៖ «យើងបានចុះធ្វើការបណ្ដុះបណ្ដាលហើយនឹងផ្សព្វផ្សាយទៅទីតាំងមួយចំនួន ដែលទាក់ទងនឹងដំឡូងមីនេះហើយយើងបានផ្សព្វផ្សាយតាមទូរទស្សន៍និងផ្សព្វផ្សាយតាមបណ្ដាញសង្គមដែរ ដើម្បីឲ្យគាត់ចូលរួមអនុវត្តនូវវិធានការការពារជំងឺទៅលើដំណាំដំឡូងមីទាំងនេះ»។
លោកបានបន្តថា មន្ទីរកសិកម្មខេត្តត្បូងឃ្មុំតែងតែសហការជាមួយមន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ ព្យាយាមខិតខំជំរុញឱ្យវិស័យកសិកម្មក្នុងខេត្តមានការរីកចម្រេីន តាមរយៈការបង្កើនការផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មទៅដល់ប្រជាកសិករនៅគ្រប់តំបន់ ដើម្បីទទួលបានបច្ចេកទេសថ្មីៗនៃការដំាដុះតាមរបៀបស្តង់ដារកសិកម្ម ។
សូមបញ្ជាក់ថា ដំណាំដំឡូងមី ត្រូវបានប្រជាកសិករក្នុងខេត្តត្បូងឃ្មុំចាត់ទុកថាជាដំណាំស្នូលក្នុងខេត្តដោយពួកគេនាំគ្នាដាំលើផ្ទៃដីប្រមាណជាង៥ម៉ឺនហិកតា ខណៈដំណាំប្រភេទនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារឲ្យរីកចម្រេីន​ ៕