រមណីយដ្ឋានតំបន់ទឹកហូរធ្នស់តាព្រហ្មនៅខេត្តកំពង់ធំកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទៅងូតទឹកលេងកម្សាន្ត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០៨ ២០២០


MC៖រមណីយដ្ឋានតំបន់ទឹកហូរធ្នស់តាព្រហ្មខេត្តកំពង់ធំ កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណៈកន្លែងនេះមានទឹកហូរខួបប្រាំងខួបវស្សា ដែលអំណោយផលខ្លាំងលើសក្តានុពលទេសចរណ៍។ អ្នកយកព័ត៌មានយើធ្វើសេចក្តីរាយការណ៍បន្ថែម ៖ …
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះទឹកហូរធ្នស់តាព្រហ្មមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដោយសារនៅក្នុងតំបន់នោះមានការរៀបចំជាកន្លែង អង្គុយលេង ហូបអាហារ និងអាចងូតទឹកកម្សាន្តនៅក្រោមម្លប់ឈើតូចធំបានផងដែរ ។
លោកបន្តថា តំបន់ទឹកហូរធ្នស់តាព្រហ្ម គឺជាតំបន់ធម្មជាតិប្រវត្តិសាស្រ្តមួយដ៏យូរយារណាស់មកហើយ ដោយមានសំណល់ទីទួលប្រាសាទបុរាណមួយនិងមានវត្ថុបុរាណនៅទីនោះ ដែលបច្ចុប្បន្នបានប្រែក្លាយជាអាស្រមតម្កល់នូវព្រះពុទ្ធបដិមា។
លោកបញ្ជាក់ថា រមណីយដ្ឋានធ្នស់តាព្រហ្ម មានប្រភពទឹកហូរមកពីភ្នំជី ទឹកហូរជាប្រចាំពេញមួយឆ្នាំ ហើយនៅរដូវប្រាំងកំរិតទឹកស្ទឹង បានស្រកមកនៅត្រឹមហូរកាត់ផ្ទាំងថ្មតូចធំ ដែលបានកែប្រែទៅជាទឹកប៉ប្រះថ្ម ផ្តល់ភាពងាយស្រួលសម្រាប់ការមុជទឹកកម្សាន្ត ។
សំឡេង«បច្ចុប្បន្ននេះតំបន់ទឹកហូរធ្នស់តាព្រហ្មគឺជាតំបន់មួយដែលមានការចាប់អារម្មណ៍សម្រាប់ភ្ញៀវក្នុងស្រុក ហើយនិងភ្ញៀវក្រៅខេត្តជាតំបន់ដែលមានទឹកហូរ ប៉ប្រះថ្ម មិនរីងគឺខួបប្រាំងខួបវស្សា ហើយទេសភាពដើមឈើ មានទីទួលបុរាណ នឹងមានវត្តអារាមនៅជិតនោះ ហើយសំខាន់ទឹកហូរប៉ប្រះថ្មហ្នឹងគឺ មានទេសភាពស្អាត ដើមឈើខ្ពស់ៗ ធ្វើឲ្យមានការចាប់អារម្មណ៍ពីភ្ញៀវជាតិពិសេសភ្ញៀវយើងចូលចិត្តលេងទឹកលេងតែម្តង » ។
លោកបន្តថា ដោយសារតំបន់នេះមិនសូវមានការអភិវឌ្ឍខ្លាំង មន្ទីរក៏បានសហការជាមួយក្រសួងទេសចរណ៍រៀបចំប្លង់មេ ដើម្បីត្រៀមស្វែងរកដៃគូឯកជនដែលត្រូវការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែមានរីកចម្រើនថែមទៀត ។
សូមបញ្ជាក់ថា តំបន់ទឹកហូរធ្នស់តាព្រហ្ម ជាតំបន់ប្រភពទឹកដ៏សំខាន់បំផុតរបស់ស្ទឹងតាំងក្រសាំង ឬអាចហៅបានថាជាក្បាលស្ទឹងតាំងក្រសាំង មានទីតាំងស្ថិតនៅ ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយផ្លូវប្រមាណជាង ៧២ គីឡូម៉ែត្រពីទីរួមខេត្ត និងមានចម្ងាយពីសាលាស្រុកប្រាសាទសំបូរប្រមាណ ៣០ គីឡូម៉ែត្រ តាមផ្លូវលំក្រាលក្រួសក្រហម ៕