កសិករខេត្តប៉ៃលិនពង្រីកផ្ទៃដីដាំស្វាយកែវរមៀតដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០


MC៖ កសិករខេត្តប៉ៃលិនពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ និងលើកកម្ពស់ជីវភាពក្នុងគ្រួសារផងដែរ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ប្រជាកសិករខេត្តប៉ៃលិនបាននាំគ្នា ងាកមកដាំស្វាយកែវរមៀតវិញ ព្រោះវាងាយស្រួលដាំ និងទទួលបានផលច្រើន ពិសេស គឺមានតម្រូវការទីផ្សារសម្រាប់នាំចេញ ដែលអាចធានាដល់ការផ្គត់ផ្តង់ជីវភាពរបស់ប្រជាកសិករបានយ៉ាងស្រួល។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាន អោយដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបាននាំគ្នាដាំ ស្វាយកែវរមៀត រហូតដល់ជាង៥ពាន់ហិកតា ហើយវាជាដំណាំ ១ប្រភេទ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពក្នុងគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់នោះ អោយមានភាពរីកចំរើន។ លោកបន្តថា មន្ត្រីជំនាញប្រចាំខេត្ត តែងតែបានចុះជួយអប់រំណែនាំ ដល់កសិករអោយដាំដុះដំណាំស្វាយកែវរមៀតនេះ អោយត្រូវតាមបច្ចេកទេស ដោយចំណាយដើមទុនតិច និងទទួលបានទន្និផលខ្ពស់ ។
សំឡេង« យើងក៏នៅត្រូវការ ជំរុញការនាំចេញស្វាយបន្ថែម ហើយផលិតស្វាយអោយបានច្រើន ពីព្រោះថា តំបន់ភ្នំគឺជាតំបន់ដែលមានដីខ្ពស់ទាបអញ្ចឹងហើយយើងចង់អោយគាត់ដំណាំឈើហូបផ្លែជំនួសវិញកុំអោយបាក់ហូរច្រោះដីឥឡូវយើងងាយមកជំរុញ ការដាំដុះដំណាំស្វាយកែវរមៀតវិញ ដោយសារដំណាំស្វាយកែវរមៀត វាត្រូវការទឹកតិចហើយអញ្ចឹងវាអាចទទួលផលបានច្រើនហើយវាសមស្របតាមការនាំចេញ »។
លោកប្រធានមន្ទីរ បានអំពាវនាវអោយប្រជាកសិករ រស់នៅតាមជើងភ្នំ និងតំបន់ខ្ពស់រាប ឲ្យបង្កើនការដាំដុះដំណាំឈើហូបផ្លែ អោយបានច្រើន ដើម្បីកាត់បន្ថយការបាក់ដី ហូរច្រោះដី ដោយសារខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតនៅតំបន់ជួរភ្នំ មានដីខ្ពស់ទាប ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិននាចុងឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើពិធីសារក្នុងការនាំស្វាយស្រស់មានគុណភាព ទៅផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ប្រទេសចិន៕