កសិករដាំបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាបទទួលជោគជ័យអាចមានលទ្ធភាពក្នុងផ្គត់ផ្គង់ការសិក្សារបស់កូនៗ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០


MC.កសិករដាំបន្លែសុវត្ថិភាពរស់នៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប ទទួលបានជោគជ័យពីមុខរបរដាំបន្លែរបស់ខ្លួនដែលអាចរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារនិងអាចរ៉ាប់រងបន្ទុកកូនៗសិក្សារហូតបញ្ចប់បរិញ្ញាប័ត្រ។

លោកឈាវ ហុង ជាកសិកររស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា មុខរបរដាំបន្លែលក់មានរយៈពេល២០ឆ្នាំរបស់លោកអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារនិងការសិក្សារបស់កូនៗបានមួយចំណែក។លោកបន្តថា បន្លែសុវត្ថិភាពដែលលោកបានដាំគឺ មានទាំងប្រភេទហូបផ្លែនិងស្លឹក ដូចជា សណ្តែកកួរ ត្រសក់ទ្រើង ខាត់ណា ប៉េងបោះ សាឡាត់ ម្ទេស និងផ្សិតចំបើងជាដើម។
លោកបញ្ជាក់ថាជាមធ្យមក្នុង១ខែ លោកអាចលក់បន្លែប្រភេទសណ្តែកកួរខាត់ណា និងត្រសក់បានប្រមាណជាង២តោន និងប្រភេទបន្លែស្លឹកប្រមាណ៨០០ទៅ៩០០គីឡូក្រាម។ រីឯតម្លៃលក់ចេញបានថ្លៃគួរសម ចំណែកទីផ្សារវិញមិនមានបញ្ហាចោទឡើយ ព្រោះបន្លែសុវត្ថិភាពទទួលបានការគាំទ្រច្រើនពីអ្នកទទួលទាន។
សំឡេង៖បន្លែរបស់ខ្ញុំដាំទៅតាមលក្ខណៈបច្ចេកទេសគេហៅថាបន្លែសុវត្ថិភាព យើងមានប្រើជីគីមីខ្លះដែរ តែប្រើជីគីមីទៅលើបន្លែណាដែលគួរប្រើតែប៉ុណ្ណោះ ព្រោះខ្ញុំធ្វើជីកំប៉ុស្តិ៍ច្រើនទាំងកំប៉ុស្តិ៍ទឹក ទាំងកំប៉ុស្តិ៍គោក ចំណូលប្រចាំថ្ងៃមានដំណាំផ្សិតចំបើង បន្លែបេះប្រចំាំថ្ងៃមានសាឡាត់ ក្នុងមួយខែជាងពីរតោន ហើយសណ្តែកកួរ ត្រសក់ទ្រើងមិនបានលក់ជាប់ជាប្រចាំទេមានតាមរដូវកាលវាដែរ បើបន្លែស្លឹករកលក់បានមួយខែពី៨០០ទៅ៩០០គីឡូក្រាមដែរ ហើយសាឡាត់លក់បានតម្លៃពី៩.០០០រៀលទៅ១០.០០០រៀលក្នុងមួយគីឡូ ព្រោះសាឡាត់ ខ្ញុំដំាជាប្រភេទសាឡាត់អឺរ៉ុប ហើយទីផ្សារខ្ញុំយកទៅលក់មានផ្សារសំរោង និងលក់នៅផ្ទះអត់ពិបាកលក់ទេ ហើយចុងសប្តាហ៍យកទៅលក់ នៅមុខការ៉ង់អូតែល ហើយប្រជាពលរដ្ឋគេគាំទ្រ ចំណុចធំបំផុតគឺជីវភាពក្រុមគ្រួសារខ្ញុំបានសមរម្យ កូនខ្ញុំទាំងប្រាំរៀនចប់សាកលវិទ្យាល័យទាំងអស់ ហើយមួយទៀតរៀនដល់អនុបណ្ឌិត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាបបានបង្កើតព្រឹត្តិការណ៍ផ្សារណាត់បន្លែសុវត្ថិភាពរៀងរាល់ចុងសប្តាហ៍នៅមុខព្រះរាជដំណាក់ ដើម្បីបង្កើតឱកាសទីផ្សារដល់អ្នកដាំដុះបានបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារកាន់តែប្រសើរ។