កម្ពុជារំពឹងថា នឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ២០២២

វិទ្យុជាតិកម្ពុជា ៖អត្ថបទ វ៉ែន សុវុទ្ធី ២០ ០៨ ២០


MCកម្ពុជារំពឹងថា នឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ២០២២ ខណៈបច្ចុប្បន្ននេះប្រទេសចិនចាប់អារម្មណ៍ខ្លាំងលើផលិតផលកសិកម្មរបស់កម្ពុជា។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្ពុជាបាននិងកំពុងចរចា ជាមួយភាគីចិន ទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីបំពេញឱ្យខាងតែបាននូវលក្ខខណ្ឌចាំបាច់ សម្រាប់ការនាំចេញ។
ឯកឧត្តមបន្តថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិន ខណៈនៅដើមឆ្នាំ២០២២ នឹងនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ចិនផងដែរ ។ បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះ ដាក់ទៅឲ្យភាគីចិន ដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។
(សំឡេង)«ថាតើរយៈពេលប៉ុណ្ណាដែលអាចយើងនាំមៀនប៉ៃលិនចេញបានខ្ញុំថាក្រោយបាននាំស្វាយចេញភ្លាមហើយរដូវមៀនប៉ៃលិន ចាប់ផ្តើមប្រមូលផលខ្ញុំថាភាគីចិននិងចុះវាយតំលៃអាចនាំចេញបាន ជាប៉ាន់ស្មាននិងព្យាករណ៍របស់យើងអាចថាដើមឆ្នាំ២០២១យើងអាចនាំស្វាយចេញហើយប្រហែលចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២ យើងអាចនាំមៀនប៉ៃលិនចេញបានហើយ»។
តាមរបាយការណ៍ពីរដ្ឋបាលខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំ ០៤ប្រភេទ ដែលកំពុងមានសក្តានុពលខ្ពស់ ក្នុងការដាំដុះនិងនាំចេញ រួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត ដំឡូងមី និងពោតក្រហម ។ ដោយឡែក ផ្ទៃដីដាំមៀនប៉ៃលិន មានទំហំជាង ៤.៣៨៣ហិកតា ៕