អាណាព្យាបាលសិស្សនៅតែបន្ដជំរុញឲ្យកូនសិក្សាតាមកម្មវិធីអនឡាញនៅផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២០ សីហា ២០២០


MC៖ អាណាព្យាបាលសិស្សនៅតែបន្ដជំរុញឲ្យកូនៗសិក្សាតាមកម្មវិធីអនឡាញនៅតាមផ្ទះ ទោះបីលទ្ធផលនៃការរៀននៅផ្ទះមិនដូចនៅសាលាក៏ដោយ។

លោកស្រី ផុន សុខា ពលរដ្ឋរស់នៅខេត្តកណ្ដាល បានលើកឡើងថា កូនរបស់គាត់បាននឹងកំពុងរៀននៅផ្ទះ តាមប្រព័ន្ធអនឡាន របស់ក្រសួងអប់រំជារៀងរាល់ថ្ងៃ ដោយ គាត់ បានជួយបង្ហាត់បង្ហាញរហូតមក ។ លោកស្រី បន្តថា ទោះបីការរៀននោះ មិនទទួលលទ្ធផល ដូចរៀននៅសាលាក៏ដោយ ក៏លោកស្រីនៅតែខិតខំជំរុញបន្ថែមទៀត ។
សំឡេង១ « ការរៀនតាមអនឡាញវាមិនទទួលបានចំណេះដឹងពេញលេញ ដូចការរៀនជាមួយគ្រូរដ្ឋទេ ប៉ុន្តែគ្រាន់តែថាវាជាជំនួយមួយជួយសង្គ្រោះខណៈពេលដែលយើងកំពុងជួបបញ្ហា ជាផ្នែកមួយជួយពង្រឹងចំណេះដឹងក្មេងខណៈដែលយើងអត់អាចទៅសាលាបាន»។
លោកស្រី ញឹម បូផា នៅរាជធានីភ្នំពេញវិញ ក៏បានអោយដឹងដែរថា ក្នុងនាមលោកស្រី ជាអាណាព្យាបាលម្នាក់ ត្រូវតែជួយជ្រោមជ្រែងកូនអោយរៀន តាមអនឡាញបែបនេះ ព្រោះរៀននៅសាលាត្រូវបានផ្អាកការសិក្សា ដោយសារជំងឺកូវីដ-១៩ ។ លោកស្រីបន្តថា ការសិក្សាបើពឹងតែទៅលើគ្រូ មិនគ្រប់គ្រាន់ទេ ប៉ុន្ដែត្រូវការរៀនបន្ថែមតាមអនឡាញបន្តទៀត ដើម្បីអោយកូនទទួលបានជោគជ័យខ្ពស់ក្នុងការសិក្សាស្របតាមអនុសាសន៍៣ចំណុច ។
សំឡេង២ «ការរៀនតាមអនឡាញ បើសិនជាយើងអត់នៅមើលថែគាត់រៀនទេ គឺគាត់អត់រៀនទេ ព្រោះដោយសារទី១ គឺសម័យបច្ចេកវិជ្ជា ហើយក្មេងៗភាគច្រើនគឺគាត់ចេះគ្រឿងហ្គេមផ្សេងៗ។ បើសិនជាយើងបណ្តោយអោយគាត់ប្រើទូរសព្ទ អនឡាញអ្នកគ្រូលោកគ្រូ យើងអត់មើលគាត់គឺបានន័យថាការសិក្សារបស់គាត់នឹងមិនទទួលបានជោគជ័យទេ។ អញ្ចឹងកត្តាសំខាន់នៃការរៀនអនឡាញនេះ គឺកត្តាទី១ គឺអាណាព្យាបាលច្រើនបំផុត ដើម្បីជំរុញគាត់។ កត្តាទី២ គឺកត្តាខ្លួនគាត់ បើសិនជាខ្លួនគាត់អត់មានទឹកចិត្តក្នុងការរៀនក៏អត់បាន។ កត្តាទី៣ គឺកត្តាអ្នកគ្រូលោកគ្រូ បើសិនជាអ្នកគ្រូលោកគ្រូអត់មានវិធីសាស្រ្តក្នុងការពន្យល់ឬបង្រៀនទេ គាត់អត់មានចំណាប់អារម្មណ៍ចង់រៀនតាមអនឡាញទេ »។
អ្នកគ្រូបុប្ផា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនព្រែកតាមាក់ បានអោយដឹងថា បច្ចុប្បន្នអ្នកគ្រូបានប្រមូលកូនសិស្សឲ្យទៅរៀននៅផ្ទះរបស់គាត់ផ្ទាល់ ដោយមានការបែងចែកជាវេន ដោយក្នុង១វេន បង្រៀនត្រឹមតែ១០នាក់ប៉ុណ្ណោះ ដែលមាន រយៈពេលតែ៣ម៉ោង មិនបានពេញម៉ោងដូចនៅសាលាទេ។
សំឡេង៣ «គឺសិស្សមករៀនអត់បានគ្រប់ចំនួន ព្រោះសិស្សខ្លះខ្ញុំអោយមករៀននៅផ្ទះ ម៉ែឪអត់មានពេលឌុបមក។ រៀននៅសាលាយើងរៀនបានពេញម៉ោងល្អ ពេលយើងមករៀននៅផ្ទះអត់សូវបានពេញម៉ោងល្អទេត្រូវចែកម៉ោងគ្នា ។ មួយទៀតនៅសាលាហ្នឹង គឺមានសម្ភារបង្រៀនគ្រប់គ្រាន់ ហើយសិស្សមានភាពយកចិត្តទុកដាក់ច្រើន រៀនចេះជាងនៅតាមផ្ទះ។ ចឹងចំណេះដែលបានផ្ទេរទៅអោយបានតិច មិនបានគ្រប់គ្រាន់ដូចរៀននៅសាលា ចូលម៉ោង ៧ ចេញម៉ោង ១១ គឺពេញម៉ោងល្អ »។
សូមបញ្ជាក់ថា ការបិទសាលារបស់សិស្សានុសិស្ស នៅទូទាំងប្រទេស ត្រូវបានអនុវត្ត តាំងពីមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩មកម៉្លេះ ដែលតម្រូវអោយមានការរៀនសូត្រនៅតាមប្រព័ន្ធអនឡាញតាមផ្ទះរបស់សិស្សរៀងៗខ្លួន ៕