ក្រសួងធនធានទឹកមានផែនការគ្រោងស្តារព្រែកជាច្រើននៅអមសងខាងដងទន្លេ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស


MC : ក្រសួងធនធានទឹកមានផែនការគ្រោងស្តារព្រែកជាច្រើននៅអមសងខាងដងទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ដើម្បីស្តុកទឹកទុកនៅពេលមានទឹកជំនន់ និងសម្រាប់ធានាជួយដល់កសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ ក្នុងការបង្កបង្កើនផលនារដូវប្រាំង ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ដោយសារខេត្តមួយចំនួន នៅតាមដងទន្លេមេគង្គ ធ្លាប់បាន ជួបបញ្ហាប្រឈម ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រោះរាំងស្ងួត មកពីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ ទើបក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការជួយស្តារព្រែក និងប្រព័ន្ធធារាសាស្ត្រ ដែលនៅតាមបណ្តាខេត្តដែលស្ថិតនៅតាមដងទន្លេ ដើម្បី រក្សាទឹកអោយបានចំនួនច្រើនជាងមុន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល របស់ពួកគាត់ ។
សំឡេង « ចំណុចមួយទៀត គឺពេលដែលទឹកជំនន់ឡើងមកវានឹងលិចនៅតាមបណ្ដាព្រែកនានាដែលនៅអមសងខាងទន្លេ ទាំងទន្លេមេគង្គ និងទន្លេសាបដូចជាទន្លេបាសាក់និងបណ្ដាបឹងបួរធម្មជាតិមួយចំនួនទៀតហើយនៅពេលដែលទឹកចាប់ផ្ដើមស្រកយើងចាប់ផ្ដើមស្ទាក់ទឹកទុកសម្រាប់បម្រើឲ្យការងារបង្កបង្កើនផលរបស់ប្រជាកសិករ ឬក៏ការងារដាំដុះនៅពេលរដូវសម្រកទៅ យើងរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងការងារនេះ ហើយការងារនេះក្រសួងធនធានទឹកបានធ្វើជារៀងរាល់ឆ្នាំ » ។
ឯកឧត្តមបានបន្តថា ការស្ដារព្រែកនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ក្នុងការស្ដារព្រែកមួយចំនួនរួចមកហើយ ហើយក៏បានធ្វើ ទ្វារទឹកផងដែរ សម្រាប់បិទបើក នៅពេលទឹកស្រក យើងនឹងទម្លាក់ទ្វារបិទ ដើម្បីផ្ទុកទឹកសម្រាប់ការងារបង្កបង្កើនផល ។
ឯកឧត្តមបានបន្តទៀតថា ក្រសួងបានតម្លើងស្ថានីយបូមទឹកចល័ត ដើម្បីដាក់តាមដងទន្លេ នៅពេលដែលមានការខ្វះខាតទឹក ក្រុមការងារជំនាញនឹងធ្វើការបូមជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមមិនត្រឹមតែមានផែការយុទ្ធសាស្រ្តនៃការផ្ទុកទឹកសម្រាប់ប្រើប្រាស់តាមរយៈការស្តារព្រែក ឬប្រព័ន្ធធារាសាស្រ្តតែប៉ុណ្ណឹងទេ គឺបាននិងកំពុងកសាងប្រព័ន្ធទប់ទំនប់ ស្ទាក់ទឹកនៅតាមបណ្តាខេត្តជាច្រើនទៀត ដើម្បីធានាការងារបង្កបង្កើនផលរបស់ប្រជាកសិករ ឲ្យមានទឹកស្រោចស្រពគ្រប់គ្រាន់៕