គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនខេត្តបាត់ដំបងសម្រេចបាន៧១ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០

MC៖    គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនខេត្តបាត់ដំបង សម្រេចបាន៧១ភាគរយហើយ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ទឹក ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងស្រូវវស្សាជាច្រើន​ហិកតា​ ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានអោយ  ដឹងថា មកដល់ពេលនេះ  ការសាងសង់ទំនប់សាលាតាអន សម្រេចបាន៧១ភាគរយហើយ ក្រោមហិរញ្ញប្បទាន ពីសាធារណរដ្ឋកូរ៉េ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០២១។ 

លោកប្រធានមន្ទីរបានបញ្ជាក់ថា ទំនប់ទឹកសាលាតាអននេះ អាចជួយដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋក្នុងតំបន់នោះបានស្រួលស្ថិតក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល។  

សំឡេង«ទំនប់សាលាតាអន មកដល់ពេលនេះ សាងសង់បានប្រមាណ ៧១ ភាគរយហើយ ថវិកាវិនិយោគនេះគឺកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ អាចស្រោចស្រពផ្ទៃដីស្រូវវស្សាបានជាង ៣០០០០ ហិកតា និងស្រូវប្រាំងបានជាង ១០០០០ហិកតា»។ 

លោកប្រធានមន្ទីរ បានបន្ថែមថាទំនប់សាលាតាអននេះ មិនត្រឹមតែបម្រើក្នុង វិស័យកសិកម្ម ឫ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ  ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ ដោយសារតែទីនោះមានសំណង់ស្ទាក់ទឹកដ៏ធំកាត់ដងស្ទឹងសង្កែ មានខ្យល់អាកាសត្រជាក់ រួចជាមួយនឹងសួនច្បារដ៏ស្រស់ស្អាត អាចអោយភ្ញៀវទេសចរមកលេងកម្សាន្តបាន។

សូមបញ្ជាក់ថា  គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយក៏ជាគម្រោងទី៣ បន្ទាប់ពីគម្រោងពហុបំណងសេកសក និងទំនប់កង្ហត ក្នុងការស្ទាក់ទឹកទុកមុននឹងហូរទៅទន្លេសាប ៕