អាជ្ញាធរខេត្តត្បូងឃ្មុំអំពាវនាវដល់កសិករឲ្យត្រៀមសង្គ្រោះ និងទប់ស្កាត់ជំងឺសត្វ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 20,08,2020


MC៖ អាជ្ញាធរខេត្តត្បូងឃ្មុំបានអំពាវនាវដល់កសិករដែលចិញ្ចឹមសត្វត្រូវត្រៀមលក្ខណៈសង្គ្រោះ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វក្នុងរដូវវស្សានេះ ដើម្បីកុំអោយសត្វងាប់នាំអោយ ខាតផលប្រយោជន៍ប៉ះពាល់ដល់ជីវភាពគ្រួសារ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទឹកជំនន់អាចនឹងកើតមានជាយថាហេតុ នៅតំបន់មួយចំនួនជាប់ទន្លេ បឹង ស្ទឹង និងព្រែក  ជាពិសេសធ្វើឲ្យសត្វពាហនៈឆ្លងជំងឺនានា ដូចជាជំងឺអុតក្តាម សាទឹក  និងជំងឺបូសខ្យល់ លើសត្វគោជាដើម។
លោកបន្តថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរធ្វើការណែនាំអោយកសិករត្រៀមលក្ខណៈជួយសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺផ្សេងៗ ដូចជាដាក់សត្វជ្រូក គោ ក្របី អោយនៅទីទួលសុវត្ថិភាព មិនលិចទឹក ត្រៀមចំណីវាឲ្យបានគ្រប់គ្រាន់ និងមានអនាម័យល្អ។ ក្នុងនោះក៏បានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដើម្បីឲ្យប្រជាកសិករយល់ដឹងកាន់តែច្បាស់ពីការថែទាំសត្វផងដែរ។
សំឡេង៖ ” រដូវវស្សានេះ គឺខាងមន្ទីរបានចេញលិខិតណែនាំមួយជាសាធារណៈ ហើយយើងបានបង្ហោះផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមឲខាងមន្ទីរព័ត៌មានខេត្តជួយផ្សព្វផ្សាយ ដើម្បីឲ្យគាត់យកចិត្តទុកដាក់ក្នុងការថែរក្សាសត្វគោ ក្របីរបស់គាត់ ក្នុងរដូវវស្សានេះ ដោយត្រូវរៀបចំទាំងក្រោលវារស់នៅ ការរកចំណីទុកឱ្យវាស៊ីនិងការលែងគោអោយទៅស៊ីខាងក្រៅ ។ យើងបានណែនាំធ្វើយ៉ាងណាកុំឲ្យគាត់លែងគោពេល ព្រឹកពេក ព្រោះខ្លាចត្រូវទឹកសន្សើម ដោយក្នុងសន្សើមហ្នឹងអាចមានមេរោគ”។
លោកបានណែនាំថា កសិករដែលចិញ្ចឹមសត្វទាំងអស់ត្រូវតែអោយពេទ្យសត្វចាក់វ៉ាក់សាំងការពារលើជ្រូក គោ ក្របី ដើម្បីចៀសផុតពីការឆ្លងជំងឺផ្សេងៗ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តត្បូងឃ្មុំ មន្រ្តីជំនាញបានបើកយុទ្ធនាការចាក់វ៉ាក់សាំង សត្វគោ ក្របីនិងសត្វ ជ្រូក បានជាច្រើនម៉ឺនក្បាលរួចមកហើយ៕