បឹងគិរីវង្គត់ នៅក្នុងខេត្តរតនគិរីកំពុងតែទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តជាហូហែរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 19,08,2020


MC៖ បឹងគិរីវង្គត់ នៅក្នុងខេត្តរតនគិរី កំពុងតែទាក់ទាញភ្ញៀវទេសចរ ដោយសារតែបឹងនេះជាបឹងប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងភ្នំភ្លើង និងមានទេសភាពស្រស់ស្អាតគួរជាទីគយគន់។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បឹងគិរីវង្គត់ គឺជាបឹងប្រវត្តិសាស្ត្រមួយដែលមានរាងជាបេះដូង ស្រដៀងនិងបឹងយក្សឡោម ដែលនៅជុំវិញបឹងគឺមានទេសភាពស្រស់ស្អាត គួរជាទីគយគន់ដល់ភ្ញៀវដែលទៅ កម្សាន្ត​។ លោកបានបន្តថា បឹងគិរីវង្គត់ គឺស្ថិតនៅក្នុងស្រុកលំផាត់ ហើយក៍ជាតំបន់មួយដែលអាជ្ញាធរ រួមទាំងអភិបាលខេត្ត និងក្រសួងបរិស្ថាន បង្កើតទៅជាតំបន់ការពារទេសភាពធម្មជាតិ កាលពីដើមឆ្នាំ២០១៩។
លោកបានបន្តថា អាជ្ញាធរខេត្តបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលភ្ញៀវមកលេងកម្សាន្តរួមមាន កន្លែងសំរាប់ចតរថយន្ត មានបង្គន់អនាម័យ កន្លែងសំរាប់ទទួលទានអាហារនៅតាមមាត់បឹង កញ្ចុះសំរាប់ទទួលភ្ញៀវ និងផ្លែប៉ោមសំរាប់មើលទេសភាពជាដើម។
សម្លេង៖ អ្វីដែលជាចំណុចទាក់ទាញនោះ គឺខ្ញុំសូមនិយាយថា គឺយើងមានបឹងមួយជាបឹងប្រវត្តិសាស្ត្រស្អាត ដូចជាបឹងយក្សឡោមអញ្ចឹង ហើយបឹងនេះគឺមានទេសភាពស្រស់ស្អាត ជុំវិញបឹងគឺថាផ្ទៃបឹង មានរាងដូចជាបេះដូង ហើយនិយាយពីទេសភាពទិដ្ឋភាពស្អាតម្យ៉ាងម្នាក់ពីបឹងយក្សឡោម យើងធ្លាប់ដឹងហើយថា បឹងយក្សឡោមយើងមានទេសភាពស្រស់ស្អាតយ៉ាងណា ហើយបឹងគិរីវង្គត់ហ្នឹង ក៏មានទេសភាពស្អាតយ៉ាងហ្នឹងដែរ គឺស្រស់ស្អាតម្យ៉ាងម្នាក់។
លោកបន្តទៀតថា ខណៈដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តជាហូហែរនេះ ខាងមន្ទីរទេសចរណ៍ និងអាជ្ញាធរខេត្ត រួមទាំងមន្ទីរបរិស្ថាន បានចុះអប់រំផ្សព្វផ្សាយ ក៏ដូចជាវិធានការ ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទីតាំងលាងដៃ និងសម្អាតដៃផងដែរ ដើម្បីអោយពួកគាត់ការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា រមណីយដ្ឋាន បឹងគិរីវង្គត់ មានទីតាំងនៅភូមិសមុទ្រ ក្រោម ឃុំ សេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានចម្ងាយជាង ៦០ គីឡូម៉ែត្រ ពីក្រុងបានលុង ឬ ចេញពីផ្លូវកែង នៃប៉ុស្តិ៍ប៉េអឹមលើដងផ្លូវឆ្ពោះទៅកាន់ផ្សារ បកែវ ចម្ងាយ ១៤ គីឡូម៉ែត្រ និង ចូលតាមក្លោងទ្វា វត្ត គិរីវង្គត់ ចម្ងាយប្រមាណ ១ទៅ២ គីឡូម៉ែត្រ ទៅដល់ទីតាំងបឹងនេះតែម្តង៕