រយៈពេល៣ថ្ងៃ​ ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជាង២ម៉ឺន៤ពាន់នាក់

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០


MC ៖ ក្នុង​រយៈពេល៣ថ្ងៃ​ចុងក្រោយនេះ ភ្ញៀវទេសចរប្រមាណជាង២ម៉ឺន៤ពាន់នាក់ បានមកលេងកម្សាន្ត ខេត្តមណ្ឌលគិរី ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ។ អ្នកព័ត៌មានធ្វើសេចក្តីរាយការណ៌…………………
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា ភ្ញៀវទេសចរជាច្រើនបានសម្រុកមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី នៅរៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈធូស្រាល ។
ឯកឧត្តម បន្តថា ខេត្តមណ្ឌលគីរី បានរៀបចំសេវាកម្មសំខាន់ៗដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន សំរាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងល្អប្រសើរ ។ ឯកឧត្តម បញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានសហការជាមួយកងកំលាំងប្រដាប់អាវុធ បានរៀបចំការពារសន្តិសុខ សុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនាឪកាសថ្ងៃឈប់សម្រាកនេះ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាថែរក្សាអនាម័យ សំអាតបរិស្ថាន ឲ្យបានល្អជាប់ជាប្រចាំ ។
សំលេង ៖ «ភ្ញៀវទេសចរយើងឃើញថាភ្ញៀវភាគច្រើនក្នុងស្រុក ដោយឡែកភ្ញៀវទេសចរអន្តរជាតិ យើងឃើញថាភ្ញៀវទេសចរអន្តរជាតិថេរនៅក្នុងមួយខែនិងក្នុងរង្វង់២៣០នាក់ឬ២៤០នាក់ គឺថេរភ្ញៀវទេសចរអន្តរជាតិ ហើយក្នុងរយៈពេលបីខែចុងក្រោយនេះមានតែភ្ញៀវទេសចរក្នុងស្រុកទេ» ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគីរីមានតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន៣៦កន្លែងរួមមាន រមណីយដ្ឋានទឹកធ្លាក់ រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព រមណីយដ្ឋានភូមិជនជាតិ រមណីយដ្ឋានសមុទ្រឈើ រមណីយដ្ឋានសមុទ្រឈើ-ភ្នំបាយឆៅ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រផងដែរ ៕