ទឹកធ្លាក់ឆាយប្រុយក្នុងខេត្តពោធិ៍សាត់កំពុងបង្អួតសម្រស់នៅកណ្តាលព្រៃភ្នំ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 19,08,2020


MC ៖ ទឹកធ្លាក់ឆាយប្រុយក្នុងខេត្តពោធិ៍សាត់ កំពុងបង្អួតសម្រស់នៅកណ្តាលព្រៃភ្នំ ដែលជាតំបន់អេកូទេសចរណ៍មួយ ពោរពេញទៅដោយទេសភាពយ៉ាងស្រស់ត្រកាល ហ៊ុមព័ទ្ធជុំវិញ ទៅដោយព្រៃព្រឹក្សាយ៉ាងត្រជាក់ល្ហឹម ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ទឹកធ្លាក់ឆាយប្រុយ គឺជាទឹកជ្រោះដ៏ធំ ហូរបែកផ្សែងមិនចេះដាច់ ដែលមានទិដ្ឋភាពនៃសម្រស់ធម្មជាតិស្រស់ត្រកាល បានទាក់ចិត្ដភ្ញៀវឲ្យមកទស្សនាកម្សាន្តម្តងហើយម្តងទៀត និងផ្ដិតយករូបភាពដ៏ស្រស់ត្រកាល អមដោយសំឡេងសត្វយំទ្រហឹងអឺងកងព្រមទាំងមានកន្លែងងូតទឹកលេងកម្សាន្ដផងដែរ ។ លោកបន្តថា ភ្ញៀវទេសចរ អាចទៅលេងកម្សាន្តបានត្រឹមតែដំណាក់ខាងក្រោមប៉ុណ្ណោះ ព្រោះរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យទឹកហូរខ្លាំង ។
សំឡេង ៖« ខ្ញុំសូមជំរាបថាបើមានភ្ញៀវជាតិអន្តរជាតិទៅកម្សាន្តគឺអត់មានបញ្ហាអ្វីទេ ដោយសារនៅឆាយប្រុយនេះមានទេសភាពស្អាត គ្របដណ្ដប់ទៅដោយព្រៃតាមដងផ្លូវតាមភ្នំគឺព្រៃភ្នំសុទ្ធ ប៉ុន្តែត្រូវការពារបន្តិចទៅលេងខាងលើខ្លាចរអិលដោយសារខ្លាចមានក្មេងរត់លេង យើងមិនអាចចុះលេងឱ្យបានច្រើនទេវាល្បាក់ជ្រៅ តែសម្រាប់ខាងក្រោមគឺមិនអីទេ មិនមានគ្រោះថ្នាក់អ្វីទេលេងធម្មតាបាន»។
សូមបញ្ជាក់ថា ទឹកធ្លាក់ឆាយប្រុយមានកម្ពស់ប្រមាណជាង៥០ម៉ែត្រ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ៕