កាកបាទក្រហមកម្ពុជាសម្រេចបានជោគជ័យជាច្រើនលើសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះ

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា ១៩.៨.២០២០


MC៖កាកបាទក្រហមកម្ពុជាសម្រេចបានជោគជ័យជាច្រើនលើសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះនិងជនងាយរងគ្រោះនៅក្នុងសង្គម។

ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក គិត ទូច ទីប្រឹក្សា ឯករាជ្យបានឲ្យដឹងថា កាកបាទក្រហមកម្ពុជាសម្រេចសមិទ្ធិផលជោគជ័យជាច្រើនក្នុងសកម្មភាពមនុស្សធម៌ជួយជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសង្គម ស្របតាម គោលនយោបាយជាតិ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាល ក៏បានបន្តអំពាវនាវឲ្យសប្បុរសជនជាតិ អន្តរជាតិ បន្តចូលរួមឧបត្ថម្ភគាំទ្រនិងផ្តល់ វិភាគទានដល់កាកបាទក្រហមកម្ពុជា ដើម្បីឲ្យកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះឲ្យបានកាន់តែច្រើនបន្ថែមទៀត។
សំឡេង៖«យុទ្ធនាការក្នុងសង្គមឃើញថាសស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយពីប្រជាពលរដ្ឋ ទាំងកាកបាទក្រហម ជាពិសេសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។ផ្នែកគ្រោះមហន្តរាយនិងគ្រាអាសន្នផ្សេងៗក្នុងផ្នែកសង្គម ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ពិសេសយុទ្ធនាការក្នុងសង្គមកម្រិតមូលដ្ឋាន កម្រិតឃុំ សង្កាត់ សហគមន៍តាមភូមិទៅទៀតឃើញថា មជ្ឈដ្ឋានជុំវិញយើងឃើញជួយគ្នាច្រើន ។ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាល ក្រៅពីមានយុទ្ធការ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយនិងកាកបាទក្រហមជាស្ថាប័នសង្គម ប្រមុខរាជរដ្ឋាភិបាលក៏រៀបចំច្បាប់ ការរៀបចំយុទ្ធការសម្រាប់អនុវត្ត ក្នុងស្ថានភាពកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានធ្វើវិភាគទានថវិកា ហើយបានគ្រោងថវិកាទប់ទល់សភាពការណ៏ក្នុងពេលមានគ្រាអាសន្ន»។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអាយុកាល៦៥ឆ្នាំហើយ។
គួររំលឹកផងដែរថា ក្នុងប្រតិបត្តិការជាប្រចាំពេញ១ ឆ្នាំ២០១៩ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ ដោយផ្ទាល់សរុប ៩៥.៨៦៦គ្រួសារ និងប្រយោលតាមរយៈសេវាកម្មមនុស្សធម៌ផ្សេងៗ បានរាប់ម៉ឺនគ្រួសារទៀត៕