កសិករចិញ្ចឹមមាន់នៅខេត្តក្រចេះរកចំណូលបានពី៤លានរៀលទៅ៥លានរៀលក្នុងរយៈពេលមួយខែក្រោយអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ១៩.០៨.២០២០
MC៖

កសិករចិញ្ចឹមមាន់នៅខេត្តក្រចេះបានបង្ហាញពីភាពជោគជ័យក្រោយអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលធ្វើឲ្យការចិញ្ចឹមមាន់ទទួលបានផលកាន់តែច្រើន ជាងការចិញ្ចឹមតាមបែបធម្មជាតិ ។

លោកស្រីញ៉េច សុខណាង កសិករចិញ្ចឹមមាន់នៅភូមិព្រែកសំរោង ស្រុកឆ្លូង ខេត្តក្រចេះ បានបញ្ជាក់ថា គ្រួសាររបស់គាត់បានចាប់ផ្តើមចិញ្ចឹមមាន់តាំងតែពីឆ្នាំ២០១៥មកម្លះ ដោយបានជួបប្រទះនូវបញ្ហាមួយចំនួន ដូចជាមាន់មិនធំធាត់ មាន់មានជំងឺនៅពេលអាកាសធាតុប្រែប្រួល និងការចំណាយច្រើនទៅលើចំណី ជាពិសេសមិនអាចរកប្រាក់ចំណូលបានច្រើនសម្រាប់ការចំណាយក្នុងជីវភាពប្រចាំថ្ងៃ។
លោកស្រីបន្តថា ការចិញ្ចឹមមាន់ដោយគ្មានបច្ចេកទេសត្រឹមត្រូវ គ្មានការមើលថែឲ្យបានដិតដល់ និងការចិញ្ចឹមដោយធ្វើឡើងតាមតែទម្លាប់ លែងពាសវាលពាសកាលគឺគ្មានបានផលអ្វីនោះទេ។ ហេតុដូចនេះ លោកស្រីក៏បានទៅចូលរួម ជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបានបច្ចេកទេសកសិកម្មក្នុងការចិញ្ចឹមមាន់ ។ លោកស្រីបញ្ជាក់ទៀតថា កាលពីមុននៅពេលប្រមូលមាន់លក់ម្តងៗបានថវិកាត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីទទួលបានបច្ចេកទេសរួចមក ឃើញថាការចិញ្ចឹមមាន់ មិនជួបនូវបញ្ហាដូចពីមុនឡើយ ហើយចំនួនមាន់កាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងមួយខែអាចរកប្រាក់ចំណូលបានចន្លោះពី៤លានរៀលទៅ៥លានរៀល ធ្វើឲ្យជីវភាពគ្រួសាររបស់គាត់កាន់តែល្អប្រសើរឡើង។
«សំឡេង៖ កាលពីមិនទាន់បានរៀនកម្មវិធី ASPIRE ខ្ញុំបាចអង្ករធម្មតា អត់ដឹងគេដាក់ស្អីៗផង អត់ដឹងថាមានថ្នាំវ៉ាក់សាំងអី នៅពេលអាកាសធាតុប្រែប្រួលក្តៅទៅគឺមាន់វារាគ ហើយនៅពេលត្រជាក់វាចាប់ផ្តើមខ្ញុល ប៉ុន្តែនៅពេលដែលគម្រោងអាសស្ពាយមកបណ្តុះបណ្តាលទៅយើងចិញ្ចឹមបានច្រើន យើងធ្វើតាមគេទៅដូចជាដាក់វ៉ាក់សាំង ដាក់ថ្នាំការពារ ហើយនៅពេលវាក្តៅយើងបើកតង់ នៅពេលត្រជាក់វិញយើងដាក់ធ្យូងកំដៅ បន្ទាប់មកដាក់កំបោរជាន់ជើងបាចតាមហ្នឹង ដាក់ថ្នាំសម្លាប់មេរោគ ដាក់សំណាញ់ការពារជាដើម។ហើយចំពោះទីផ្សារវិញក៏ស្រួលលក់ក្នុងមួយខែខ្ញុំលក់បានពី៤លានទៅ៥លានរៀល ដោយកាលពីមុន ពេលប្រមូលលក់ម្តងៗបានតែជាង ១០ ម៉ឺនរៀនទេ។»
លោកស្រីបានបញ្ជាក់ទៀតថា មានតែការទទួលបាននូវចំណេះដឹងបច្ចេកទេសច្បាស់លាស់នោះទេ ទើបធ្វើឲ្យមុខរបរចិញ្ចឹមមាន់ មិនជួបនឹងហានិភ័យ ក្នុងនោះកសិករក៏គួរយល់ដឹងច្បាស់អំពីការចេះប្រើប្រាស់ថ្នាំ ការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវ ជាពិសេសភាពឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់មើលថែទាំមាន់ឲ្យបានល្អ ដូចជាការឲ្យចំណី ការរៀបចំទ្រុង សម្អាតទ្រុង និងការតាមដានពីស្ថានភាពជំងឺមាន់ជាដើម៕