រយៈពេល៧ខែឆ្នាំ២០២០នេះកម្ពុជានាំចេញផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារ អន្តរជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៩ ០៨ ០២០


MC៖មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារអន្តរជាតិ ដែលទំនិញទាំងនេះគឺសុទ្ធតែមានការកត់ត្រាជាផ្លូវការ និងឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យពីអ្នកបញ្ជាទិញ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្មមានប្រសាសន៍ថា កម្ពុជាបាននាំចេញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ ផ្លែស្វាយ ដូងប្រេង និងម្ទេសស្រស់ដែលសរុបមានជាង២លានតោន បើប្រៀបធៀបនឹងឆ្នាំ២០១៩មានការកើនឡើង៩ភាគរយ ។
ឯកឧត្តមបានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មជាង២លានតោននេះ មានទៅប្រទេស ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី និងប្រទេសអូស្ត្រាលីជាដើម។
សំឡេង«ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន២,០៦៨៩៨៧តោន កើនលើសឆ្នាំមុនគិតក្នុងរយៈពេលដូចគ្នាប្រមាណ៩ភាគរយ ក្នុងនោះទៅសហគមន៍អឺរ៉ុប មានកំណើន៣៧,៧០ភាគរយ ទៅប្រទេសចិនមានកំណើន២៥,៩១ភាគរយ ដោយឡែកទៅប្រទេសអាស៊ានកើន៤៤ភាគរយ និងប្រទេសដ៏ទៃទៀតមានការកើនឡើងខ្ពស់រហូតដល់៧២,៤០ភាគរយ»។
ឯកឧត្តមបន្ដថា កំណើននៃបរិមាណនាំចេញនេះ គឺជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់ទៀតថា អនាម័យ និងភូតគាមអនាម័យ គឺបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន និងជាស្ពានចម្លងផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស៕