ផ្ទះស្នាក់បៃតងជាកន្លែងកម្សាន្តបែបធម្មជាតិពិតៗដែលអាចទាក់ទាញអ្នកមកទស្សនាកម្សាន្តជាមធ្យមជាង២០០នាក់ក្នុង១ថ្ងៃ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០


MC. ផ្ទះស្នាក់បៃតង មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំងាយប្រមាណជាង៣៧គីឡូម៉ែត្រពីទីរួមខេត្ត ដោយសារអំណោយផលពីធម្មជាតិផងនោះ ធ្វើឲ្យទីតាំងនេះ ក្លាយជាកន្លែងកម្សាន្តសប្បាយរបស់ភ្ញៀវទេសចរ តាមរយៈការគយគន់ទេសភាពបៃតងនារដូវវស្សា ជាមួយនិងទឹកហូរថ្លាយង់ ក្រោមម្លប់ឈើដ៏ត្រជាក់ ដែលធ្វើឲ្យអ្នកមកកម្សាន្តភ្លេចអស់ទុក្ខកង្វល់នានា។

ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា លោកជុំ តុលា អ្នកចាត់ការទូទៅនៅក្នុងផ្ទះស្នាក់បៃតង បានឲ្យដឹងថា ផ្ទះស្នាក់បៃតងស្ថិតលើផ្ទៃដីទំហំប្រមាណ១៥ហិកតាដែលមានភាពទាក់ទាញ ដោយសម្រស់ស្រស់ត្រកាល របស់ធម្មជាតិ មានកញ្ចុះស្បូវក្បែមាត់ទឹក មានទឹកធ្លាក់ដែលមានប្រភពពីភ្នំគូលេន បានធ្វើឲ្យអ្នកទេសចរ អាចងូតទឹកកម្សាន្តយ៉ាងសប្បាយរីករាយ និងបន្ថែមពីនោះ ក៏មានការបំរើសេវាកម្មម្ហូបអាហារគ្រប់ប្រភេទក្នុងតម្លៃសមរម្យផងដែរ។
លោកបញ្ជាក់ថា គោលបំណងនៃការបង្កើតផ្ទះស្នាក់នេះឡើងគឺដើម្បីរក្សាគម្របព្រៃឈើ និងរក្សាភាពបៃតងនៅក្នុងតំបន់នោះ។
សំឡេង៖សម្រាប់សក្តានុពលនៅផ្ទះស្នាក់បៃតង ពីធម្មជាតិនៅទីនេះដែលអំណោយផលដូចជា ទឹក ព្រៃព្រឹក្សាជាដើម ទឹកគឺទឹកអូរ យើងកែច្នៃ ធ្វើអនាម័យជាប្រចាំ ធ្វើឲ្យមានទឹកថ្លា មានខ្សាច់ មិនមានសំរាម អូរជាភាពទាក់ទាញដ៏ពិសេស សម្រាប់ភ្ញៀវមកទទួលទានអាហារ យើងមានម្លប់ឈើនៅខាងលើ និងកញ្ចុះស្បូវ ទឹកហូរខាងក្រោម មានភាពទុកចិត្តសំរាប់អាណាព្យាបាលមិនភ័យខ្លាចលង់កូនៗគាត់ឡើយ រួមផ្សំនិងការកែច្នៃ ការរក្សានូវប្រភពធនធានធម្មជាតិ ចំណែកសេវាកម្មធំជាងគេ គឺអាហារដ្ឋាន បន្ទាប់មកការស្នាក់នៅពេលយប់ មានកម្មវិធីបោះតង់ មានរបាំ មានស្គរដៃ មានការដុតពោត ដំឡូង រៀបចំជាចង្រ្កានអាំងសាច់ ភ្ញៀវអាចរាំលេងកម្សាន្តក្បែរមាត់ទឹក។
បន្ថែមពីនេះផ្ទះស្នាក់បៃតង បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យភ្ញៀវចេញចូលមកកម្សាន្ត ត្រូវរក្សាអនាម័យ ពិនិត្យកម្តៅ និងការរក្សាគម្លាតជាដើម។
សូមជម្រាបផងដែរថា ផ្ទះស្នាក់បៃតង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧មក មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំងាយប្រមាណជាង៣៧គីឡូម៉ែត្រពីទីរួមខេត្ត ដោយបច្ចុប្បន្នជាមធ្យមក្នុង១ថ្ងៃមានភ្ញៀវទេសចរទៅកម្សាន្តប្រមាណជាង២០០នាក់៕