អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់វិស័យឯកជនឲ្យមកវិនិយោគ រោងចក្រកែច្នៃជ័រកៅស៊ូ ទៅជាផលិតផលសម្រេច

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០


MC៖អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់វិស័យឯកជនឲ្យមកវិនិយោគរោងចក្រកែច្នៃជ័រកៅស៊ូ ទៅជាផលិតផលសម្រេចនៅក្នុងខេត្តនេះ ដើម្បីជួយបង្កើនការងារនិងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុក។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងខេត្ត មានក្រុមហ៊ុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ ប្រមាណ២៥ ក្រុមហ៊ុន លើផ្ទៃដីជាង១៤៧០០០ ហិកតា ដែលកំពុងទាញយកផលបាន៣០ភាគរយហើយ ក្នុងនោះការដាំជាលក្ខណៈ គ្រួសារ មាន ប្រមាណជា១២០០០ហិកតា ដែលកំពុងប្រមូលផលជាបណ្តើរហើយ។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ដំណាំកៅស៊ូទំាងនោះបានហុចផលជាបណ្តើរៗហើយ ប៉ុន្តែនៅក្នុង ខេត្តមណ្ឌលគិរី មិនទាន់មានក្រុមហ៊ុនណាមកវិនិយោគលើ រោងចក្រកែច្នៃជ័រកៅស៊ូទៅជាផលិតផល សម្រេចនោះទេ ដូច្នេះឯកឧត្តម សូមលើកទឹកចិត្តដល់ វិស័យឯកជនដែលមានបំណងមកវិនិយោគ នៅក្នុងខេត្តមណ្ឌលគិរី អាចងាកមកចាប់អារម្មណ៍ ការវិនិយោគលើរោងចក្រកែច្នៃជ័រកៅស៊ូ ព្រោះនៅ ខេត្តនេះ កំពុងមានសក្តានុពលខ្លំាងលើដាំណាំកៅស៊ូ។
ឯកឧត្តមបន្តថា ខេត្តមណ្ឌលគិរីមានតែរោងចក្រផលិតកៅស៊ូក្រែបឬពាក់កណ្តាលសម្រេច ប៉ុន្តែជាបំណងរបស់រដ្ឋបាលខេត្តចង់ឲ្យមានរោងចក្រផលិតផលិតផលសម្រេចដូចជាសំបកកង់យានយន្តគ្រប់ប្រភេទ និងផលិតផលមួយចំនួនទៀត ដើម្បីបំរើសេចក្តីត្រូវការក្នុងស្រុក និងការនាំចេញ។
សំឡេង«កៅស៊ូមិនទាន់មានក្រុមហ៊ុន មិនទាន់មានរោងចក្រហ្នឹងគឺបងប្អូនយកទៅលក់នៅទីផ្សារវៀតណាម ឬក៏ទីផ្សារក្នុងស្រុកហ្នឹង យើងដឹកពីនេះទៅមេមត់ ទៅក្រែក ឬក៏ពីនេះទៅព្រំដែនឫទៅវៀតណាម អញ្ចឹងអានឹងឃើញថា ការចំណាយ ការដឹកជញ្ជូនវាជាការលំបាក ប៉ុន្តែបើមានរោងចក្រអីនៅទីនេះ ដូចជាទីផ្សារមួយទៀតដែលគាត់ប្រមូលបានគាត់យកមកលក់»។
ឯកឧត្តមបានបញ្ជាក់ថា ជាទិសដៅទៅមុខ រដ្ឋបាលខេត្តបន្តជំរុញឲ្យមានការដំាដុះដំណាំកៅស៊ូនៅក្នុងខេត្ត ឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកសិឧស្សាហកម្មនៅក្នុងខេត្ត ខណៈដែលខេត្តមណ្ឌល គិរីមានស្ថានភាពដីអំណោយផលលើវិស័យកសិកម្មដីមានជីជាតិ ធ្វើឲ្យដំណាំរីកលូតលាស់ល្អ។
សូមបញ្ជាក់ថា តាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ ម៉ឺនហិកតាក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត២ម៉ឺនតោន៕