មុខរបរដាំជីរណាបានជួយឲ្យសហគមន៍កសិកម្មតាសីសាមគ្គី រកចំណូលបានជាង១លាន៥សែនរៀល ក្នុង១ថ្ងៃ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី អះអាងថា យ៉ាងហោចណាស់មានបន្លែជីរណា ចន្លោះពី១តោន ទៅ២តោន ត្រូវបានកាត់លក់ទៅកាន់ទីផ្សារជារៀងរាល់ថ្ងៃ ដោយទទួលបានចំណូល ប្រមាណ១លាន៥សែនរៀល ជារៀងរាល់ថ្ងៃ ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។

លោក ណុប នុន ប្រធានសហគមន៍នេះ បានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បាននឹងកំពុងដាំដុះដំណាំបន្លែជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា «ជីស្លឹកវែង»  ដោយមាន កសិករដាំដុះប្រមាណជាង១០០គ្រួសារ លើផ្ទៃដីជាង២០ហិកតា។
លោកបញ្ជាក់ថា បន្លែជីរណានេះងាយស្រួលដាំ និងប្រមូលផលបានលឿន ដោយក្នុងមួយថ្ងៃ អាចលក់ចេញបាន ចន្លោះពី ១តោន ទៅ២តោន និងអាចលក់ចេញបានជាមធ្យមចន្លោះពី២.០០០រៀល ទៅដល់តម្លៃ ៦.០០០រៀល ក្នុងមួយគីឡូ តាមរដូវកាល ឬការបញ្ជាទិញពីឈ្មួញ។
សំឡេង៖ « ដំណាំជីស្លឹកវែង ក្នុងមួយថ្ងៃអាចលក់ចេញបានក្នុងចន្លោះពី ១តោន ទៅ ២តោន ក្នុងមួយថ្ងៃ លើផ្ទៃដីជិត២០ហិកតាដី គ្រាន់តែដាំដុះដំណាំជីស្លឹកវែង ដោយសារវា ទទួលបានទិន្នផលខ្ពស់ហើយងាយស្រួលក្នុងការថែទាំសម្រាប់អ្នកមានការងារពីរបីកន្លែង គាត់ធ្វើការងារផ្សេងៗ ក៏គាត់អាចមានពេលសម្រាប់ដាំដុះបន្លែនិងបានប្រើពេលតិច។ អញ្ចឹងកសិករមានជីវភាពគ្រាន់បើដែរដោយសារបន្លែជីរណាថាគាត់មានជីវភាពធូរធារច្រើន»។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ដំណាំបន្លែ ជីរណា របស់សហគមន៍កសិកម្មតាសីសាមគ្គី បានដំាច្រើនជាងគេ បើធៀបនិងសហគមន៍ដ៏ទៃទៀតនៅក្នុងខេត្តបាត់ដំបង។
សំឡេង៖ «ជាក់ស្ដែងវាតាមរដូវកាលរបស់គាត់ រដូវណាដែលគាត់ដាំ ប្រមូលផលច្រើនបានចាប់ពី១តោនជាងទៅ២តោន។ សមាជិកសហគមន៍មានច្រើនអញ្ចឹងគាត់ប្រមូលចូលគ្នា ទៅយើងបានច្រើន។ កំណត់ទៅតាមតម្រូវការរបស់អតិថិជនយកទៅកាន់ទីផ្សារ ហើយកាត់តាមតម្រូវការរបស់អតិថិជន»។
សូមបញ្ជាក់ថា សហគមន៍កសិកម្មតាសីសាមគ្គី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧មកនេះ មានដាំបន្លែសំខាន់ៗចំនួន២៩មុខមានដូចជា៖ ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ ខាត់ណាដើម ប្រភេទពូជពីប្រទេសម៉ាឡេស៊ី ត្រសក់ ត្រឡាច ជីរណាជាដើម៕