រមណីយដ្ឋានថ្មី៩នៅខេត្តរតនគិរីគ្រោងនឹងដាក់បញ្ចូលជាតំបន់អេកូទេសទេសចរណ៍ប្រចាំខេត្ត

វិទ្យុជាតិកម្ពុុជា៖លោកអាត ចន្ធូ

MC៖ តំបន់រមណីយដ្ឋានថ្មី៩ កន្លែងនៅខេត្តរតនគិរីគ្រោងនឹងដាក់បញ្ចូលជាតំបន់អេកូទេសទេសចរណ៍ប្រចាំខេត្ត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្ត ពិសេសបង្កើតមុខរបរ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅខេត្តភូមិភាគឦសានមួយនេះ។

លោក ង៉ែត ពិទូប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរីមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្នខេត្តមានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម, បឹងលំកុដ, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិច រមណីយដ្ឋានទឹកជួរទឹង និងតំបន់រមណីយដ្ឋានមួយចំនួនទៀត ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាកម្សាន្តមិនថាថ្ងៃបុណ្យនិងថ្ងៃឈប់សម្រាកធម្មតា។ លោកប្រធានមន្ទីរបន្តថា ក្រោយបញ្ចប់នៃបញ្ហាជំងឺកូវីដ១៩ អាជ្ញារធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន៥កន្លែងបន្ថែមទៀត ទៅជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ថ្នាក់ខេត្ត និងបង្កើតថ្មី៤កន្លែងទៀតដែលគ្រប់គ្រងដោយបងប្អូនជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុង ស្រុកអណ្តូងមាស និងស្រុកលំផាត់។
សំឡេង៖« អញ្ចឹងបានន័យថាថ្ងៃខាងមុខ ចប់កូវីដយើងនឹងបន្ថែមដើម្បី បញ្ចូលក្នុងទិន្នន័យជារមណីយដ្ឋានថ្នាក់ខេត្ត ហើយនិងទិសដៅយើងរំពឹងថានៅឆ្នាំ២០២០នេះ យើងនឹងទទួលបានតំបន់ដែលយើងបង្កើតថ្មីចំនួន៤ ហើយនឹងអ្វីដែលយើងមានស្រាប់ដើម្បីបញ្ចូលទៅក្នុង១៤កន្លែងដែលមាននៅខេត្តរតនគិរី និយាយជារួមលក្ខណៈទី១រីស៊តជារមណីយដ្ឋានកែច្នៃ យើងមាន រតនរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និង៤ទៀតដែលយើងត្រៀមបង្កើត ជាតំបន់រមណីយដ្ឋាន ជាសហគមន៍ដែលគ្រប់គ្រងដោយបងប្អូនជនជាតិដើមភាគតិចហ្នឹង គឺយើងមាន២ ស្រុកគឺស្រុកអណ្តូងមាស និងស្រុកលំផាត់ អញ្ចឹងនៅស្រុកអណ្តូកមាស២ និងស្រុកលំផាត់២ នៅលំផាត់យើងនឹងរៀបចំចងក្រងនៅតំបន់រមណីយដ្ឋានបឹងយក្សម៉ាយ ហើយនិងតំបន់យក្សអូមយក្សការ៉ា សំរាប់ស្រុកលំផាត់ ប៉ុន្តែតំបន់នោះដូចយើងជម្រាបទៅថាតំបន់នេះ ជាតំបន់កំពុងធ្វើការគ្រប់គ្រងដោយក្រសួងបរិស្ថាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងសហការគ្នាបង្កើត ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា ជាផលប្រយោជន៍រួមទៅដល់ប្រប្រជាពលរដ្ឋសំរាប់៤កន្លែងហ្នឹង ជាថ្ងៃទិសដៅខាងមុខ»។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានថ្មីទាំង៩កន្លែងដែលគ្រោងនិងដាក់បញ្ចូលជាតំបន់ បែបអេកូរទេសចរណ៍ប្រចាំខេត្តរតនគិរីមាន៥កន្លែងជារមណីយដ្ឋានបែបកែច្នៃរបស់វិស័យឯកជនមាន៥កន្លែងដូចជា រតនរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង នឹងរមណីយដ្ឋាន៤កន្លែងទៀតស្ថិតនៅក្នុងស្រុកអណ្តូងមាសមាន២កន្លែងរួមមាន ទឹកជ្រោះអូចាយ តំបន់វប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចតាមដងទន្លេសេសាន នឹងនៅស្រុកលំផាត់មាន យក្សអូមយក្សការ៉ា និងបឹងយក្សម៉ាយ៕