ការធ្វើកសិកម្មបែបពាណិជ្ជកម្មរបស់សហគមន៍តាសីសាមគ្គី ទទួលបានទិន្នផលគ្រប់រដូវកាល សំរាប់ផ្គត់ផ្គង់ទីផ្សារ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ ការធ្វើកសិកម្មបែបពាណិជ្ជកម្មរបស់សហគមន៍តាសីសាមគ្គី ទទួលបានទិន្នផលគ្រប់រដូវកាល ដែលអាចផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារតាមតម្រូវការរបស់អតិថិជន។

លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្នសហគមន៍ បាននឹងកំពុងដាំដុះ បន្លែចំនួន២៩មុខ ដូចជា ស្ពៃផ្កាខៀវ ផ្កាសរ បូកគោ ក្រញ៉ាញ់ម៉ាឡេស៊ី ក្រញ៉ាញ់ផ្អែម ស្ពៃក្ដោប ខាត់ណាដើម ស្ពៃផ្លក់ចយ (ស្ពៃជើងទា) ស្ពៃក្រញ៉ាញ់ធម្មតា ស្ពៃខៀវ ជាដើម។ លោកបន្តថា ដំណាំបន្លែទាំងនេះត្រូវបានដាំជាលក្ខណៈពាណិជ្ជកម្មមានកិច្ចសន្យាបញ្ជាទិញពីឈ្នួញ ដែលធ្វើអោយកសិករផលិតមិនបារម្ភពីបញ្ហាទីផ្សារហើយរកចំណូលបានច្រើន។
លោកបន្តថា ជាទូទៅ សមាជិកសហគមន៍គឺដាំដុះនៅក្នុងរោងសំណាញ់ ព្រោះវាការពារបាននូវសត្វល្អិតបំផ្លាញ និងមេរោគផ្សេងៗដែលបំផ្លាញដំណាំ។ លោកបញ្ជាក់ថា ការដាំនៅក្នុងរោងសំណាញ់ គឺទទួលបានទិន្នផលច្រើនជាងការដាំធម្មតាក្រៅរោងសំណាញ់ ដែលអាចផ្គត់ផ្គង់ទីផ្សារបាន គ្រប់រដូវកាល ។
សំឡេង៖«ខុសគ្នាច្រើនខុសទីមួយនៅខាងក្រៅយើងអត់អាចធានាបានពីគុណភាពនិងបរិមាណយើងអត់អាចគ្រប់គ្រងបាន ដោយសារតែធម្មតាបន្លែមួយចំនួនចាញ់ទឹកភ្លៀងចាញ់ក្ដៅ ចាញ់សត្វល្អិតបំផ្លាញ អញ្ចឹងយើងពិបាកណាស់។ ឧទាហរណ៍ថាបើយើងធ្វើ ១០០០ដើម មិនប្រាកដថាបាន៨០០ដើម នៅខាងក្រៅ។ តែបើដាំនៅក្នុងផ្ទះសំណាញ់មានន័យថា បើយើងដាំ១០០០ដើម យើងស្ទើរតែ ៩០០ ដើម ហើយដែលប្រមូលផលបាន វាតិចមែនទែនដែលមិនអាចប្រមូលផលបាន។ ចឹងហានិភ័យផ្សេងៗ ដោយសារទឹកភ្លៀងអត់ចូលនៅក្នុងហ្នឹង មានដំបូលUVពីលើ អញ្ចឹងដំណាំមួយចំនួនចាញ់ទឹកភ្លៀងដោយសារវាមានជាតិអាស៊ីត មានប្រភពមេរោគផ្សេងៗមកធ្វើឲ្យប៉ះពាល់ដល់បន្លែ។ ប៉ុន្តែបើក្នុងផ្ទះសំណាញ់អត់មានបញ្ហាអ្វីកើតឡើងទេ យើងអាចប្រមូលផលបាន ភ្លៀងក៏យើងអាចដាំបាន ភ្លៀងក៏យើងអាចវ៉ៃដីបាន សត្វល្អិតផ្ទុះឡើងក៏យើងអាចគ្រប់គ្រងបាន»។
សូមបញ្ជាក់ថា សហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កើតឡើងតាំងពីឆ្នាំ២០១៧ មានសមាជិកប្រមាណជាង១០០គ្រួសារ ដាំដុះលើផ្ទៃដីសរុប៣៧ ហិកតា ដែលមានរោងសំណាញ់ជាង៤៩រោង ហើយក្នុងមួយរោងចំណាយថវិការៀបចំប្រមាណ ១៥០០ ដុល្លារ៕