ក្រសួងអប់រំនិងដៃគូកំពុងបង្កើតកម្មវិធីអប់រំសុខភាពបន្តពូជសម្រាប់បង្រៀនសិស្សានុសិស្ស ចាប់ពីថ្នាក់បឋមរហូតដល់មធ្យមសិក្សា

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
MC៖ ក្រសួងអប់រំនិងដៃគូកំពុងបង្កើតកម្មវិធីអប់រំសុខភាពបន្តពូជសម្រាប់បង្រៀនសិស្សានុសិស្សចាប់ពីថ្នាក់បឋមរហូតដល់មធ្យមសិក្សា ដើម្បីចូលរួមលើកកម្ពស់សុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អោយកាន់តែទូលំទូលាយ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយមានកិច្ចសហការជាមួយគ្រប់ ក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ក្រសួងអប់រំ បាននិងកំពុងរៀបចំចងក្រងសៀវភៅមុខវិជ្ជាអប់រំ ស្តីពីសុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទនេះឡើង ដើម្បីចូលរួមពង្រឹងស្មារតី និងចំណេះដឹងទូទៅ របស់សិស្សានុសិស្ស ឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹង បរិបទជាតិ តំបន់ និងពិភពលោក។ ឯកឧត្តមបញ្ជាក់ថា សៀវភៅ មុខវិជ្ជាអប់រំសុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទនេះនិងចាប់ផ្ដើមដាក់អោយដំណើរការបង្រៀនសិស្សានុសិស្សនៅឆ្នាំ២០២៣។
សំឡេង «ការអប់រំផ្លូវភេទមានសារ:សំខាន់សម្រាប់សិស្សស្វែងយល់ពីជម្ងឺពាក់ព័ន្ធ ដើម្បីចេះការពារខ្លួនពីជម្ងឺផ្សេងៗ កាត់បន្ថយហានិភ័យនានាពីការរួមភេទ និងចេះជ្រើសរើសវិធីការពារកុំឲ្យមានកូនមិនតាមប្រាថ្នាក្រោយពេលរៀបការ»។
អ្នកស្រី សេក ស៊ីសុខុម នាយិកា កម្មវិធីអង្គការរ៉ាក់ បានប្រាប់ថា តាមរយៈសៀវភៅកម្មវិធីមុខវិជ្ជាអប់រំសុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទនេះ មាន៦សមាសភាព ក្នុងនោះរួមមាន៖ ទី១សុខភាពបឋម ទី ២ សុខភាពផ្លូវចិត្ត ទី៣ សុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទ ទី ៤ សុខភាពនិងបរិស្ថាន ទី៥ សុខភាពនិងសេដ្ឋកិច្ច និងទី៦ សុខភាពនិងជំនឿ។ អ្នកស្រីបញ្ជាក់ថា ការរំលូតកូនគឺជាមេរៀនមួយ ដ៏សំខាន់នៅក្នុងសៀវភៅមុខវិជ្ជាអប់រំសុខភាពនេះផងដែរ ។
សំឡេង« អញ្ចឹងដើម្បីឲ្យក្មេងៗ ក៏ដូចជាយុវវ័យរៀន រៀនដើម្បីផ្លាស់ប្ដូរឥរិយាបថខ្លួនឯងពីការមិនយល់ ពីការថែទាំសុខភាពខ្លួនឯង ឲ្យគាត់បានយល់នឹងការអនុវត្ត ដោយមុខវិជ្ជានេះ នឹងចាប់ផ្ដើមបង្រៀនចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ដោយឡែកសុខភាពបន្តពូជ សុខភាពផ្លូវភេទសិស្សចាប់ផ្ដើមរៀនថ្នាក់ទី ៥ដល់ថ្នាក់ទី ១២»។
សូមបញ្ជាក់ថា កម្មវិធីអប់រំសុខភាពបន្តពូជ ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣គឺក្នុងគោលបំណង លើកកម្ពស់សុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទ និងកាត់បន្ថយការមាក់ងាយជុំវិញការរំលូតកូននៅក្នុងសង្គមកម្ពុជា៕