ចេកណាំវ៉ាមានគុណប្រយោជន៍ច្រើនតំាងពីផ្លែខ្ចីរហូតដល់ទុំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ ចេកណាំវ៉ាមានគុណប្រយោជន៍ច្រើនតំាងពីផ្លែខ្ចីរហូតដល់ទុំ ព្រោះវាអាចធ្វើជាម្ហូប បង្អែម និងជា ឱសថព្យាបាលជំងឺ ពិសេសគឺសម្បូរទៅដោយកាល់ស្យូមខ្ពស់ ជួយដល់សុខភាពអ្នកបរិភោគ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ដំណាំចេកណាំវ៉ាត្រូវបានប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទស្រុកស្រែចម្ការនិយមដាំស្ទើរគ្រប់ផ្ទះទាំងអស់ ព្រោះវាងាយស្រួលក្នុងការដាំ ដោយគ្រាន់តែដាំកូនបន្ទាប់មកវាដុះជាហូរហែ ហើយទំលាក់ត្រយូងចេញផ្លែជាបន្ដបន្ទាប់។ ដំណំាចេកណាំវ៉ានេះបានផ្តល់ផលប្រយោជន៍ជាច្រើនទាំងដើម ស្លឹក ផ្លែ និងត្រយ៉ូង ដែលអាចកែច្នៃធ្វើជាម្ហូប បង្អែម ឱសថ និងសម្ភារសម្រាប់វេចខ្ចប់។ ជាទូទៅផ្លែចេកណាំវ៉ាខ្ចីត្រូវបានប្រជាពលរដ្ឋនិយមយកទៅស្លកកូរ ស្លម្ជូរ ធ្វើជាអន្លក់ ធ្វើជាឱសថឬសំរួលដល់ក្រពះ និងពោះវៀនបានល្អផងដែរ រីឯផ្លែទុំធ្វើនំអន្សម អន្សមអាំង ចេកចៀន ធ្វើដំណាប់ បង្អែមចេកខ្ទិះ ចេកឆាប ចេកអំាងជាដើម ។ ចំណែកដើមចេក អាចធ្វើជាអន្លក់ ស្លសម្លម្ជូរ និងការឆ្លាក់ជា ក្បាច់លម្អនៅពេលមានកម្មវិធីបុណ្យទៀត។ ស្លឹកចេកក៏មានគុណប្រយោជន៍ច្រើនដែរ សម្រាប់យកទៅ វេចអន្សម ខ្ចប់សំណំបាយ និងរៀបជាបាយសីសម្រាប់កម្មធីបុណ្យទានជាដើម។ ដោយសារតែគុណប្រយោជន៍ដល់សម្បូរបែបនេះបានធ្វើឲ្យកសិករជាច្រើនងាកមកដំាដំណាំចេកណំាវ៉ា ហើយបានផ្តល់ចំណូលជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ បន្ទាប់ពីមុខរបរធ្វើស្រែចំការ។
លោក ហឿន សាវុទ្ធ កសិករដាំចេកនៅក្នុងភូមិពោធិ៍រលំ ឃុំរកាកោងពីរ ស្រុកមុខកំពូល ខេត្តកណ្តាលបានឱ្យដឹងថា គ្រួសាររបស់គាត់បានធ្វើរបរកសិកម្មដាំចេកណាំវ៉ា ប្រមាណជា ជាង៦ឆ្នាំមកហើយ នៅលើផ្ទៃដីទំហំក្បាល ៣០ម៉ែត្រ និងទទឹង៨០ម៉ែត្រ ដែលអាចដាំដើមចេកបានប្រមាណជា២០០គុម្ពទៅ២៥០គុម្ព។ ហើយនៅពេលវាឲ្យផលអាចកាប់លក់បានប្រមាណពី ២៥ទៅ៣០ម៉ឺនរៀល ហើយមានម៉ូយមកទិញដល់ចម្ការតែម្តង មិនចាំបាច់យកទៅលក់ខ្លួនឯងទេ។
លោកបន្តទៀតថា តម្លៃចេកក្នុងមួយស្និតលក់នៅក្នុងចម្ការមានតម្លៃចន្លោះពី ១៥០០រៀល ទៅ ២០០០រៀល ហើយម៉ូយយកទៅលក់បន្តបានមួយស្និតតម្លៃចន្លោះពី ២០០០ទៅ៣០០០រៀល ទៅតាមស្និតតូច និងស្និតធំ ហើយក៏មិនពិបាកលក់ដែរ ដោយសារចេកនេះដាំនៅក្នុងចម្ការក្រោយផ្ទះ មិនប្រើថ្នាំគីមីទេ។
សំឡេង៖ដាំចេកណាំវ៉ាមិនពិបាករកទីផ្សារឡើយ ឲ្យតែមុនតែសីល២,៣ថ្ងៃ គឺមានម៉ូយមកចាំទិញដល់ចម្ការតែម្តង ហើយចេកនៅក្នុងរដូវវស្សានេះគឺវាលូតលាស់បានល្អ ផ្លែក៏ចេញច្រើន មិនពិបាកថែទាំដូចដំណាំផ្សេងឡើយ ។
លោកស្រី ហុង គឹមហ័ង ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា ចេកណាំវ៉ាមិនពិបាករកទិញឡើយ ដោយសារចេកណាំវ៉ាមានលក់នៅគ្រប់ទីផ្សារ ជាពិសេសនៅថ្ងៃសីល។ មួយវិញទៀតចេកណាំវ៉ាមានអត្ថប្រយោជន៏ច្រើនទាំងការហូបចុកអាចធ្វើជាបង្អែមហើយ ថែមទាំងជួយទៅដល់សុខភាព ជាពិសេសក្មេងតូចៗជាដើម។
សូមជំរាបថា ចេកណាំវ៉ាមានប្រយោជន៍ច្រើន ងាយរកទិញ រីឯតម្លៃវិញក៏មិនថ្លៃដែរបើប្រៀបធៀបជាមួយផ្លែឈើផ្សេងៗ។ អ្វីដែលកាន់តែពិសេសគឺ ចេកណាំវ៉ា មានកាល់ស្យូមខ្ពស់ និងអាចឲ្យរាងកាយស្រូបយកបានកាន់តែងាយ នៅពេលត្រូវកម្ដៅ មិនថាស្ងោរ ឬអាំងក៏ដោយ។ ដូច្នេះបើបានទទួលទានចេកណាំវ៉ាតែមួយថ្ងៃមួយផ្លែ នោះក៏ធ្វើឲ្យយើងមិនសូវមានជំងឺឈឺថ្កាត់ និងមានសុខភាពល្អបានមួយកម្រិតដែរ ។
នៅក្នុងប្រទេសកម្ពុជា ខេត្តព្រះវិហារ ដំាដុះដំណាំចេកណាំវ៉ាច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពង់ចាម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ៕