រមណីយដ្ឋានទេសចរណ៍ធម្មជាតិជំរំសត្វស្លាបបឹងព្រះពន្លៃនៅតែជាទីតាំងទស្សនាសត្វស្លាបដ៏ទាក់ទាញបំផុតរបស់ខេត្តពោធិ៍សាត់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC៖រមណីយដ្ឋានទេសចរណ៍ធម្មជាតិជំរំសត្វស្លាបបឹងព្រះពន្លៃ នៅតែជាទីតាំងទស្សនាសត្វស្លាប​ដ៏ទាក់ទាញបំផុត​របស់ខេត្តពោធិ៍សាត់ ដោយសារពេលរសៀលមានហ្វូងបក្សីរាប់សែនក្បាល​ហើរតម្រង់មកកាន់បឹងព្រះពន្លៃដែលមានរាងកោងដូចចំណិតព្រះច័ន្ទគួជាទីគយគន់។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ហ្វូងសត្វស្លាបដ៏ច្រើន​ឥតគណនានេះ មានដូចជាកុកស កុកក្រក ប្រវឹក ក្រៀលជាដើម ដែលហោះហើរពេញផ្ទៃ បឹងព្រះពន្លៃ​បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាត សម្រាប់បង្អួតភ្ញៀវទេសចរ​ឲ្យទៅទស្សនាសត្វ​ស្លាបដ៏ច្រើននេះ។

លោកបញ្ជាក់ថា តំបន់ទេសចរណ៍ដ៏ល្បីប្រចាំខេត្តពោធិ៍សាត់នេះ ភ្ញៀវទេសចរមិនអាចចូលទៅជិត​ហ្វូងសត្វស្លាប​ទាំងអស់នោះបានឡើយ គឺគ្រាន់តែអាចឈរមើលពីចម្ងាយតែប៉ុណ្ណោះ ។
លោកបន្តថា នៅពេលរដូវវស្សាមកដល់ នៅជុំវិញបឹងពោរពេញទៅដោយស្រែស្រូវ ដែលបានធ្វើឲ្យទេសភាពបឹងព្រះពន្លៃកាន់តែមានភាពស្រស់ត្រកាល ផ្ទៃបឹងពោរពេញដោយទឹកថ្លាឈ្វេងគួជាទីងូតលេង កម្សាន្ត។ លោកបានបញ្ជាក់ថា តំបន់ទេសចរណ៍បឹងព្រះពន្លៃនេះគឺសម្បូរសត្វស្លាបច្រើននៅក្នុងអំឡុង ខែសីហា ដោយសារតែនៅរដូវនេះទឹកបឹកឡើងសម្បូរទៅដោយជីវៈចម្រុះដែលជាប្រចំណីរបស់សត្វទំាង នេះ។
សំឡេង ៖ «ខ្ញុំសូមជម្រាបជូនដល់បងប្អូនទាំងអស់ ដែលចង់ទស្សនាសត្វស្លាបបឹងព្រះពន្លៃនេះ សូមភ្ញៀវជាតិនិងអន្តរជាតិ ចូលទៅកម្សាន្តគឺមានរដូវកាលវា ចាប់ពីចុងខែ៨ ដល់ខែ ១១ ទើបសត្វនេះមានច្រើន អញ្ចឹងក្នុងចុងខែ០៨នេះ អញ្ចឹងបើបងប្អូនចង់ទៅមើលក្នុងចន្លោះម៉ោង៥រសៀល គឺយើងនឹងបានឃើញពពួកសត្វយ៉ាងច្រើន ហើយសម្រាប់ពេលព្រឹក គឺចន្លោះពីម៉ោង៦ដល់ម៉ោង៧ គឺសត្វនោះកំពុងរកចំណី» ។
សូមបញ្ជាក់ថា ជំរំសត្វស្លាបបឹងព្រះពន្លៃ មានទីតាំងស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែល មានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ត ៕