មន្រ្តីជំនាញផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងឲ្យទទួលបានទិន្នផលខ្ពស់ដល់កសិករស្រុកមោងឬស្សីខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ វ៉ែន សុវុទ្ធី

MC:មន្រ្តីជំនាញកសិកម្មចុះផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងដល់ប្រជាកសិករចំនួន៥០គ្រួសារនៅ​ស្រុកមោង​ឬស្សី ខេត្តបាត់ដំបងដើម្បីឲ្យពួកគាត់មាន​​ចំណេះជំនាញ​ច្បាស់លាស់និងងាយ​​ស្រួលរកចំណូល​បន្ថែមផ្តត់ផ្គង់ជីវភាពគ្រួសារ។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ​ខេត្តបាត់ដំបង​​មាន​ប្រសាសន៍​ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ត្រីនៃការិយាល័យផ្សព្វផ្សាយកសិកម្ម​ខេត្តបាត់​ដំបង​​បាន​ចុះ ​​បង្រៀន​ពីរបៀបបណ្តុះផ្សិតចំបើងទៅដល់កសិករចំនួន៥០គ្រួសារ ដើម្បីធ្វើយ៉ាង​​ណាធានាឲ្យ​​ការបណ្តុះផ្សិតចំបើងទទួលបានទិន្នផលខ្ពស់ចំណេញពេលវេលា។

លោកបានបន្តថា ការចុះផ្តល់បច្ចេកទេសដល់កសិករក្នុងការបណ្តុះផ្សិតចំបើងនេះ ពិតជា​បានធ្វើ​ឱ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់​ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ​​និងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

សំឡេង៖”ប៉ុន្តែនៅក្នុងដំណាក់កាលនឹងយើងក៏បានជំរុញទៅលើការដាំដុះផ្សិតចំបើងដែលផ្សិតនេះគេដាំនៅក្នុងរោងដោយសារផ្សិតចំបើងវាត្រូវទឹកភ្លៀងខ្លាំងវាអាចនឹងខូច អញ្ចឹង! យើងជំរុញធ្វើយ៉ាងម៉ិចដើម្បីធានាឲ្យផលិតកម្មផ្សិតហ្នឹង មួយឆ្នាំទល់មួយឆ្នាំ អញ្ចឹងកសិករអាជីព​គាត់អាចធ្វើបានជាប់ជាប្រចាំចឹងតម្លៃវា បើផ្សិតអំបោះតម្លៃចាប់​ពី៣៥០០រៀលទៅ៥០០០រៀល បើផ្សិតចំបើងវិញតម្លៃវាចាប់ពី៨០០០រៀល​ទៅ១២០០០រៀល ហើយរហូតទៅដល់​ជាង១៨០០០រៀល​​អាស្រ័យទៅលើផ្សិត​នៅទីផ្សារអត់មាន ប៉ុន្តែនៅខេត្តបាត់​ដំបងយើងនេះ​ដំណាំផ្សិត​មាន​តម្លៃខ្ពស់បំផុត”។

លោកស្រី មឿន ច្រិប ជាកសិករបណ្តុះផ្សិតចំបើង រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោង​ឬស្សី ខេត្តបាត់ដំបងបានឲ្យដឹងថាសព្វថ្ងៃនេះ លោកស្រីមានរោងបណ្តុះផ្សិត៥ខ្នង ស្មើនឹង៩បន្ទប់ ក្នុង១បន្ទប់ប្រមូលផលបានពី ៨០គីឡូក្រាមទៅ១០០គីឡូក្រាម ដែលមានតម្លៃចាប់​ពីជាង១០០០០​រៀល ទៅ១២ ០០០រៀលក្នុងមួយគីឡូក្រាម។ លោកស្រីបញ្ជាក់ថា ក្រៅពីបណ្តុះផ្សិតលក់ គ្រួសារលោកស្រី​ក៏បានធ្វើ​​ស្រែ​និង​ដាំម្នាស់​​លើផ្ទៃដី​ចំនួន​​ជាង១០ហិកតា ថែមទៀត​ដែលធ្វើឲ្យ​ជីវភាព​គ្រួសារ​កាន់​តែធូរធារជាងមុន៕