កម្មវិធីជិះកង់សប្បុរសធម៌នៅក្នុងខេត្តសៀមរាបមានអ្នកចូល​រួមយ៉ាងច្រើនកុះករ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខត្តសៀមរាប

MC.នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប សហការ​ជាមួយ សហភាពសហព័ន្​ធយុវជនកម្ពុជាខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រា​រព្វបើកកម្មវិធីជិះកង់សប្បុរសធ៌ដើម្បី​​កាក​​​​បាទ​​ក្រហមកម្ពុជា ក្នុងគោលបំណង​ស្វែរកថវិកា ជួយដល់មន្ទីរពេទ្យកុមារដែលកំពុងខ្វះខាតថវិកា និងប្រជាពលរដ្ឋក្រី​ក្រនៅតាម​បណ្តាមូលដ្ឋានដាច់ស្រយាលមួយចំនួន។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទៀង អេង ទៀ សីហា អនុប្រធានគណៈកម្មា​ធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានលើកឡើងថា សាខាកាកបាទ​ក្រហមកម្ពុជា​បានរៀបគម្រោង​រៀប​ចំកម្មវិធីនេះឡើងមានរយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែដោយសាការផ្ទុះឡើងនៃ​ជំងឺកូវីដ១៩ទើប​ត្រូវអាក់ខាន។

លោកជំទាវមានប្រសាសន៍ទៀតថា កម្មវិធីជិះកង់សប្បុរសធម៌នេះ ពិតជាមានសារៈសំ​ខាន់ខ្លាំងណាស់ ដើម្បីកៀរគរថវិកាដែលទទួលបាន មកជួយឧបត្ថមដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរកុមារអង្គរក្នុងខេត្តសៀមរាប ដោយបច្ចុប្បន្នមន្ទីរពេទ្យទាំងពីរខាងលើ កំពុងខ្វះខាត​​ថវិកា ក្នុងការទ្រទ្រង់ដល់ដំណើរការព្យាបាលកុមារ ហើយថវិកាដែលទទួលបាន​ក៏ជាការចូលរួម​លើកកម្ពស់សុខមាលភាពកុមារនៅកម្ពុជា។

សំឡេង៖កម្មវិធីជិះកង់ដើម្បីសប្បុរសធម៌..នេះ គឺនាងខ្ញុំបានគ្រោងទុក១ឆ្នាំហើយ ប៉ុន្តែដោយសារមានជំងឺកូវីដ​ផ្ទុះឡើង ក៏អាកខានទៅវិញ តែក្នុងឱកាសសម្រាកសៀម​រាបមានរយៈពេលវែង នោះដោយការរៀបចំពីរដ្ឋបាលខេត្ត ក៏សុំរៀបចំកម្មវិធីនេះឡើង គោលបំណងតែមួយទេគឺ ដូចលោកអ្នកបានដឹងស្រាបហើយថា កាកបាទក្រហមជាអង្គ​ការមនុស្សធម៌ ដែលតែងតែចុះជួយជារឿយៗមក តែថ្ងៃនេះ ឆ្នាំនេះ គឺលេចមុខមាត់ឡើង ដើម្បីកៀគរថវិកា ដើម្បីមន្ទីរពេទ្យទាំងពីរក្នុងខេត្ត មានមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យ​គន្ធបុប្ផា ដែលកំពុងតែជួបផលលំបាក ដោយសារជំងឺកូវីដគាត់ខ្វះថវិកា ប្រចាំឆ្នាំ​បានធ្លាក់ចុះសឹងតែ៨០% ចឹងថ្ងៃនេះគៀងគរថវិកា ដើម្បីមន្ទីរពេទ្យ និងសុខមាលភាពកុមារក្នុងខេត្ត និងក្រៅខេត្ត ក្នុង១ឆ្នាំៗចំណាយថវិការធំមែនទែន ប្រហែល៦ទៅ៧លានដុល្លារ ដូច្នេះសូមធ្វើការងារនេះជាមួយកាកបាទក្រហម។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​បានមានប្រសាសន៍​ដែរ​ថា ការរៀបចំកម្មវិធីសម្រាក​សៀមរាបនេះ មានកម្មវិធីជាច្រើន ដែលបានរៀបចំឡើង ក្នុងនោះកម្មវិធីជិះកង់ដើម្បីសប្បុរសធម៌ ជាសកម្មភាព​មួយ ដើម្បីសុខមាលភាពកុមារ​នៅកម្ពុជា និងក៏ជាការចូលរួមចំណែកដើម្បី ស្តារឡើងវិញនូវវិស័យទេសចរណ៍​​ក្នុងខេត្តផងដែរ ឲ្យប្រជាពលរដ្ឋ អាជីវករ មគ្គុទេសក៏ទេសចរ មានឱកាសក្នុងការរកចំណូលបន្ថែម ដែលបានបាត់​បង់​​ក្នុងវិបត្តិនៃ​ជំងឺកូវីដ១៩កន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណដល់​​សប្បុ​រសជន​ទាំងអស់ ដែល​បាន​ចូលរួមក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួន ចូលរួមឧបត្ថបក្នុងកម្មវិធីជិះ​កង់សប្បុរ​សធម៌ ដើម្បីកាកបាទក្រហម​កម្ពុជានេះ​។

សំឡេង៖អ្វីដែលបានរៀបចំក្នុងកម្មវិធីសម្រាកសៀមរាបនេះ មានកម្មវិធីជាច្រើន មិនមែនតែកម្ម​​វិធីជិះ​កង់ដើម្បីសប្បុរសធម៌ទេ មានកម្មវិធីផ្សេងៗ ដើម្បីស្តារនូវ សេដ្ឋកិច្ចក្នុងខេត្តយើង ដូចកម្មវិធីជិះកង់នេះ យើងបានរៀបចំមគ្គុទេសក៍ជាច្រើន បងៗមគ្គុទេសក៍នេះគឺបានបាត់បង់ការងារមួយរយៈធំហើយ ដោយសារកូវីដ១៩ ដោយយើង​បានបិទ​ជើងហោះហើរមកកាន់ខេត្តសៀមរាបយើង គាត់ក៏មិនមានភ្ញៀវដែរ ។អញ្ចឹង កម្មវិធីថ្ងៃ​នេះ​ក៏អាចមានចំណូលដល់គាត់ខ្លះៗដែរ ចំពោះគាត់ដែលនៅឈជើងតាមប្រាសាទ និងររៀបចំបទបង្ហាញនិយាយពីប្រវត្តប្រាសាទ ហើយថ្ងៃនេះចំណូលនឹងបានមកដល់បងប្អូន ដែលអាស្រ័យ​និងវិស័យទេសចរណ៍ ហើយខ្ញុំសូមកោតសសើរដល់បងប្អូនទាំងអស់ ដែល​បាន​ចូលរួម នៅថ្ងៃនេះគឺខ្មែរ ជួយខ្មែរ ឲ្យបង្វិលក្នុងចរន្តនេះក្នុង​ប្រទេសកម្ពុជា​របស់យើង​។

សូមជម្រាបផងដែរថា កម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជានេះ មានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៦ ថ្ងៃទី១៨ និងថ្ងៃទី២១ខែសីហាឆ្នាំ២០២០ មានលក្ខណៈ២សណ្ឋាន គឺការជិះកង់កម្សាន្ត និងប្រភេទជំនាញ មានផែនទីខុសៗគ្នាដូចជាថ្ងៃទី៖១ ចាប់ផ្តើមពីរង្វង់មូលផ្លូវ​៦០ម៉ែត្រ ចូលទៅកាន់តំបន់អង្គរ ដើម្បីទស្សនា​ប្រាសាទតូចៗ នឹងត្រូវបញ្ចប់​​នៅ​លានជល់ដំរី ថ្ងៃទី៖២ ចាប់ផ្តើមជិះនៅកសិណង្គរ និងជិះលើខ្នងកំផែង​​នៃប្រាសាទ​បាយ័ន ដើម្បីគយគន់ទេសភាពស្រស់ស្អាតនៅទីនោះ ហើយត្រូវបញ្ចប់​​នៅលានជល់ដំរី និងថ្ងៃទី៖៣ ចាប់ផ្តើមចេញដំណើរពីផ្លូវ៦០ម៉ែត្រ ទៅតាមផ្លូវទំនប់អញ្ចាញ ដើម្បីគយគនទេសភាពតាមវាល​ស្រែនៅក្នុង​សហគមន៍ ដោយឆ្លងកាត់ប្រាសាទមួយចំនួន នឹងត្រូវបញ្ចប់នៅលានជល់ដំរីដូចគ្នា៕