អាងជើងគ្រុសនៅខេត្តបន្ទាយមានជ័យជាតំបន់ទេសចរណ៍ថ្មីកំពុងទាក់ទាញភ្ញៀវទេសចជាហូរហែ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖ រមណីយដ្ឋានទេសចរណ៍អាងជើងគ្រុស ជាតំបន់ទេសចរណ៍ថ្មីមួយទើបតែកកើតឡើង​បាន​ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅលេងកម្សាន្ត ជាហូរហែនៅថ្ងៃឈប់សម្រាក ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍​ប្រាប់​វិទ្យុ​ជាតិ​កម្ពុជា​ឲ្យដឹងថា បច្ចុប្បន្នក្នុងខេត្តមានរមណីយដ្ឋានទេសចរណ៍​៣កន្លែង​ដែលមាន​សក្ដានុពល ដូចជា ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ និងអាងជើងគ្រុស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលសុទ្ធសឹងតែជាកន្លែងទាក់ទាញភ្លៀវទេសចរ​ខ្លំាងទំាង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ទៅទស្សនាមិនថា​ថ្ងៃបុណ្យ​​និងថ្ងៃធម្មតា។

លោកបានបន្តថា អាងជើងគ្រុសជារមណីយដ្ឋានថ្មីមួយ ដែលទើបបាន

ជួសជុលកែលម្អឡើងវិញនៅក្នុងឆ្នាំ២០១៩  មានដូចជា ការកសាង​​ស្ពាន​​បណ្តែតទឹក មានសេវាកម្មជិះទូកទៅលេងកោះ មានខ្យុសអង្គុយលេងនិងបរិភោគ

អាហារ ព្រមទាំងមានកន្លែង សម្រាប់ឲ្យ​ភ្ញៀវទេសចរឡើងទៅមើលថ្ងៃលិច ។

 

លោកបានឲ្យដឹងថា សព្វថ្ងៃនេះមានភ្ញៀវដែលទៅកម្សាន្តជាច្រើន ដោយសារតែអាងមានទឹកធំល្វឹងល្វើយ មានទេសភាពស្រស់ស្អាត ផ្ទៃទឹកដូចជាប់ជើងមេឃនិងជាប់ជួរភ្នំដងរែកចែកខណ្ឌសីម៉ាព្រំដែនកម្ពុជា ថៃ មានរានហាលនិងពន្លាសម្រាប់អង្គុយ ឈរ និងផ្តិតរូបថតក្រោមអាកាសធាតុត្រជាក់ លាយឡំក្លិនផ្កាស្មៅ

និងក្លិនស្រូវក្រអូបប្រហើរឈ្ងុយឈ្ងប់  ព្រមទំាង មានទំនប់ទឹកដ៏វែង និងមានទូកសម្រាប់ជិះ​កម្សាន្ត ឆ្លងទៅគោរពទីសក្ការៈ

នៅទួលស័ក្តិសិទ្ធិជា​ដើម ។

លោកបានបន្ថែមថា ចំពោះផ្លូវធ្វើដំណើរគឺមានភាពងាយស្រួលដោយផ្លូវចាក់កៅស៊ូ

ដែលមានចម្ងាយ៦៥ គីឡូម៉ែត្រ ដល់ប្រាសាទបន្ទាយឆ្មារហើយបន្ត

ទៅមុខ៥គីឡូម៉ែត្របន្ថែមទៀតជាផ្លូវគ្រួសក្រហម ទើបទៅ ដល់ទីនោះ។

សំឡេង«នៅទីនោះមានសក្តានុពលខ្លាំងគឺមានអាងធំល្វឹងល្វើយហើយលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានគាត់ធ្វើស្ពានហើយក្នុងនោះមានកោះមួយនៅចំកណ្តាលអាង ប្រជាពលរដ្ឋអាចជិះទូកទៅលេង កោះនោះ។ ហើយមានការធ្វើរានខ្ពស់នៅទីនោះយើងអាចមើលថ្ងៃរះនិងថ្ងៃលិចនៅលើរានហ្នឹងបាន ។ ហើយមានស្ពានបណ្តែតទឹកតូបលក់អាហាររៀបចំដោយមានសណ្តាប់ធ្នាប់ល្អ ហើយជាការទាក់ទាញ ប្រជាពលរដ្ឋគឺជាពិសេសការលក់ដូរចំណីអាហារដែលគាត់ទៅលេងនៅទីនោះហើយចំណែកនៅម្ខាង អាងក៏មានជាម្លប់ដើមឈើ ដែលមានទេសភាពស្អាតមែនទែននៅលើខ្នងអាង ចំណែកបែកខាងលិចយើងមើលឃើញនូវជួរភ្នំដងរែក ហើយពេលល្ងាចយើងឡើងទៅលើរានយើងឃើញថ្ងៃលិចគងភ្នំដងរែកទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតនៅទីនោះ » ។

លោក ឈឿន សេរីវុធ បានឲ្យដឹងថា មន្ទីរទេសចរណ៍ក៏បានរៀបចំទទួលភ្ញៀវទេសចរ នៅពេលឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ ២០២០នេះ  ហើយបានណែនាំឲ្យអាជីវករ រៀបចំសណ្តាប់ធ្នាប់  រក្សាអនាម័យ និង វិធានការបង្ការ ទប់ស្កាត់ពីការរីករាលដាល នៃជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានរមណីយដ្ឋានប្រវត្តិសាស្រ្ត២កន្លែង រមណីយដ្ឋានធម្មជាតិ៥កន្លែង និងរមណីយដ្ឋានកែច្នៃចំនួន៤កន្លែង ៕