ការនាំចេញផលិតផលកសិផលរបស់កម្ពុជាបានកើនឡើងរហូតដល់ជិត៥លានតោន

វិទ្យុជាតិកម្ពុជា៖ លោកសុភា វិសុទ្ធពង្ស

MC៖  នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ការនាំចេញផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាលំដាប់ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបានបង្កើនពី៣លាន៤សែនតោន ទៅដល់ ៤លាន៨សែនតោន ទៅកាន់ទីផ្សារ​​ចំនួន៥៩ប្រទេស។

តាមរយៈរបាយការណ៍ ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទនៅខែសីហា ឆ្នាំ២០២០បានបង្ហាញថា កំណើនបរិមាណនៃការនាំចេញនេះ ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់​ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលបានកត់សម្គាល់ ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា អនាម័យ និងភូតគាមអនាម័យដើរតួនាទីមិនអាចខ្វះបាន ជាស្ពានចម្លងផលិតផលកសិកម្ម​ទៅកាន់ទីផ្សារបរទេស ជាពិសេសផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិត​ផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ចម្លងសមាសភាពចង្រៃខ្ពស់ដូចជា ផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញ​ដទៃទៀតដែលចាត់ ក្នុងកម្រិតហានិភ័យ នៃស្ដង់ដារភូតគាមអនាម័យ​អន្ដរជាតិលេខ៣២ ។

ឯឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​​កសិកម្មបាន​អោយដឹងថា ការនាំចេញទំនិញប្រភេទនេះទាមទារឱ្យ​សមត្ថកិច្ចភូតគាម​អនាម័យ​​​កម្ពុជា ធ្វើសំណើរ​សុំ​ចរចារបើក​ទីផ្សារ ជាមួយសមត្ថកិច្ច​ភូតគាមអនាម័យ នៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធ នឹងការនាំចូលទំនិញដែលបានស្នើសុំ​។​ផលិតផលសំខាន់ៗដែលបាន នឹងកំពុងនាំចេញ​ទៅកាន់ទីផ្សារបរទេស ក្រោយពីបានឆ្លងកាត់ការចរចារ បើកទីផ្សារដោយរៀប​​ចំជាពិធីសារស្តី​ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយប្រទេស​​នាំចូលសំខាន់ៗមួយចំនួន រួមមាន អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ផ្លែស្វាយស្រស់ ផ្លែស្រការនាគ។

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជាបានសម្រេចពិធីសារស្តីពីលក្ខ​​ខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិន។

អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងដំណើរការវាយតម្លៃ និងចុះបញ្ជីបណ្តាកសិដ្ឋាន និងទីតាំងកែច្នៃ សម្រាប់នាំចេញផ្លែស្វាយទៅប្រទេសចិនដោយត្រូវ​អនុវត្តកសិកម្មល្អ (GAP) និងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្ម សម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្ម ទឹកក្តៅ (Hot Water Treatment – HWT)៕