អាជ្ញាធរខេត្តរតនគិរីបន្តការពារធនធានធម្មជាតិនិងអភិរក្សសត្វព្រៃកម្រឲ្យបានគង់វង្ស

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ អាជ្ញាធរខេត្តរតនគិរី សន្យាបន្ត ការពារធនធានធម្មជាតិ និងអភិរក្សសត្វ​ព្រៃកម្រនៅ​ក្នុងតំបន់​សហគមន៍​​ធម្មជាតិ​​វាលកំបោរ នៃដែនជម្រកសត្វព្រៃ​លំផាត់ឲ្យបានគង់​វង្ស ដើម្បី​ទាក់​ទាញភ្ញៀវទេសច​រទៅទស្សនាបាន​ចំណូល​​និងលើកកម្ពស់​​ជីវភាពប្រជាសហគមន៍។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានមានប្រសាសន៍​​ប្រាប់វិទ្យុជាតិកម្ពុជា​ឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការអភិរក្ស​សត្វស្លាប​កម្ពុជា បានសហការគ្នាក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ នៅក្នុងតំបន់សហគមន៍ធម្មជាតិវាលកំបោរ  នៃដែនជម្រកសត្វព្រៃលំផាត់ ឲ្យបានគង់វង្ស ជាពិសេសខិតខំសិក្សាស្រាវជ្រាវរកវត្តមានសត្វព្រៃបន្ថែមទៀត ដើម្បីបង្កើនសត្វព្រៃឲ្យកាន់តែច្រើន។

លោកបានបន្តថា បច្ចុប្បន្ននេះសត្វដែល កំពុងតែសិក្សានិងអភិរក្សមានដូចជា៖ សត្វក្រៀល ខ្ទីង រមាំង ជ្រូកព្រៃ ឈ្លូស ក្ងោក សត្វត្រយ៉ងចង្កំកស និងសត្វត្រយ៉ងយក្ស ដែលជាសត្វបក្សីតំណាងបក្សីជាតិ។

សម្លេង៖ បច្ចុប្បន្ននេះ យើងកំពុងតែ​ធ្វើនឹងបន្តធ្វើតទៅទៀត ទី១យើងផ្ដោតទៅលើការងារ​ចំនួន​បីសំខាន់ៗ យើងផ្ដោតទៅលើការងារអភិរក្ស ដែលយើងមានមន្ត្រីឧទ្យានុរក្សនៅតំបន់​នោះ ដោយសហការជាមួយនឹងអាជ្ញាធរ​​គ្រប់លំដាប់​ថ្នាក់ ក្នុងកិច្ចការពារជាតួនាទីភារកិច្ច កិច្ចការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ ទី២យើងធ្វើការសិក្សាស្រាវជ្រាវនូវវត្តមាន​​បន្ថែមៗទៀត ទៅលើសត្វព្រៃ ហើយចំណុចទី៣ យើងនឹងជំរុញ ការអភិវឌ្ឍសហគមន៍​មូលដ្ឋាន ដោយយើងបង្កើនទៅលើជីវភាពរបស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន តាមរយៈការចូលរួមឲ្យ​មានវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ មានទីតាំងនៅភាគខាងជើងឆៀងខាងលិច នៃខេត្តរតនគិរី ដែល លាតសន្ធឹងលើផ្ទៃដី ២៥ម៉ឺនហិកតា ៕