ពងទាខេត្តតាកែវត្រូវបាននាំចេញក្នុងមួយថ្ងៃៗប្រមាណជាង៥០ម៉ឺនគ្រាប់ទៅលក់នៅទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

MC៖ខេត្ដតាកែវ បាននាំចេញពងទាក្នុងមួយថ្ងៃៗប្រមាណជាង៥០ម៉ឺនគ្រាប់ ដើម្បីយកទៅផ្គត់ ផ្គង់ទីផ្សារក្នុងខេត្ដ និងក្រៅខេត្ដនៅទូទាំងប្រទេស។

លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដតាកែវបានឱ្យដឹងថា មេទាក្នុងស្រែនៅ ឃុំននោង ស្រុកត្រាំកក់ ខេត្តតាកែវ បានផលិតពងក្នុងមួយ ថ្ងៃបានជាង ៥០ម៉ឺនពង ទាំងពងទាកូន ពងទាសាប និងពងទាប្រៃ ដែលជាផលិតផលកសិកម្ម របស់ខេត្ត មានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់ តំបន់ភូមិសាស្ត្រ ជាប់ ជាផលិតផល នៃភូមិមួយផលិតផលមួយរបស់ខេត្តផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ ពងទានៅខេត្ដតាកែវ គឺបានកំពុងមានការផ្គត់ ផ្គង់លើទីផ្សារនៅ ទាំងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការការហូបចុករបស់ប្រជាពលរដ្ឋ ។

លោកបញ្ជាក់ថា ការទទួលបានការគាំទ្រច្រើន លើពងទាខេត្តតាកែវ នេះ ដោយសារ តែកសិករ ប្រើ ប្រាស់បច្ចេកទេសចិញ្ចឹមទា យកពង តាមលក្ខណៈធម្មជាតិសុទ្ធ  សាធ ដូចជាការផ្តល់ចំណីមេទានិងបញ្ចេញលក់លើទីផ្សារ ជាដើម ។

សំឡេង«ការចិញ្ចឹមទាមានការកើនឡើង ដោយសារតែទា ពេលច្រូតកាត់ហើយ កសិករបានលក់ស្រូវនៅក្នុងស្រែឲ្យទៅអ្នកចិញ្ចឹមទា ដែលក្នុងស្រែមានស្រូវ ក្ដាមខ្យង កង្កែប ត្រី ដែលភាគច្រើនជាចំណីធម្មជាតិសម្រាប់ទាស៊ី ដែលធ្វើឲ្យពងទាមានរស់ជាតិឆ្ញាញ់»។

លោកបញ្ជាក់ថា ការចិញ្ចឹមទាយកពងនេះ គឺបានចូលរួមបង្កើតការងារ និងរកចំណូលជាច្រើន​ដើម្បីលើកកម្ពស់ជីវភាពកសិករកាន់តែធូរធាឡើងជាលំដាប់ កាត់បន្ថយចំណាកស្រុក​ឆ្ងាយៗ​ជាដើម។

សូមបញ្ជាក់ថា សត្វទានៅទូទាំងខេត្តតាកែវមានចំនួន១.៦១២ .៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈ​គ្រួសារ និងមានកសិដ្ឋានចំនួន ១៧២កន្លែង ព្រមទាំងកន្លែងភ្ញាស់​ពងទាចំនួន៧២កន្លែងផងដែរ ៕