ខេត្តរតនគិរីរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំខ្មែរនេះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

MC៖ ខេត្តរតនគិរីបង្ហាញក្តីរំពឹងនឹងទទួលបានភ្ញៀវទេសចរ​យ៉ាងច្រើនកុះករនាថ្ងៃឈប់សំរាកសង​បុណ្យចូលឆ្នាំ​ខ្មែរនេះ​ខណៈដែលខេត្តភូមិភាគឦសាន​មួយនេះសំបូរទៅ​ដោយសម្បត្តិធន​ធាន​ធម្មជាតិ ដ៏សម្បូរបែបដែលជាទីទាក់ទាញភ្ញៀវទេសចរ។

លោក ង៉ែត  ពិទូ  ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាថា រយៈពេល​ជាង ១ខែនេះ ភ្ញៀវទេសចរមកពីគ្រប់ខេត្តចាប់ផ្តើម​សម្រុកមកលេងខេត្តរតន​គិរីទំាងថ្ងៃឈប់សំរាក និងថ្ងៃ ធម្មតា ដែលជាសញ្ញាដ៏ល្អអាចនឹងទទួលបានភ្ញៀវទេសចរ​ដ៏ច្រើនលើសលុយនៅថ្ងៃ​​សងបុណ្យឈប់ សំរាកខាងមុខ។ លោកបានបញ្ជាក់ថាតាមរយៈក្តីរំពឹងពីកំណើនភ្ញៀវទេសចរនេះមន្ទីរទេសចរណ៍ខេត្តបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអប់រំ ផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម​ដែលប្រកបមុខរបរលក់ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ នៅតាមបណ្តារមណីដ្ឋាននានា នៅទូទាំងខេត្ត​មិនត្រូវលក់របស់របរដែលមានតម្លៃថ្លៃពេកនោះទេ ពិសេសត្រូវមានបញ្ជីមុខម្ហូប​និងមានដាក់តម្លៃឲ្យបានត្រឹមត្រូវ  និង ត្រូវមានទឹកអាល់កុល ជែល ឬលាងដៃនឹងសាប៊ូ​នៅតាមកន្លែង​លក់ដូររបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺផ្សេងៗទៀត។

 

សំឡេង៖«យើងរំពឹងនឹងមានការមកច្រើនព្រោះថាថ្ងៃឈប់សំរាក យើងឈប់ទៅដល់៩ថ្ងៃ​ភ្ជាប់ជាមួយនិង​ថ្ងៃសៅរ៍ អាទិត្យផងដែរ ព្រោះខេត្តរតនគិរីជានិច្ចកាលឲ្យតែមានរដូវការឈប់​​ឬក៏ការបុណ្យ​ទានភ្ញៀវទេសចរតែងតែសម្រុកមកច្រើន ដែលយើងហៅថាម៉ាស់ធួរីហ្សឹមហ្នឹងមក សឹងមិនមានសេវាកម្មស្នាក់នៅ ប៉ុន្តែយើងមិនចោទទេប៉ុន្តែបច្ចុប្បន្ននេះគឺថា ការវិលជុំរបស់​ភ្ញៀវគាត់មានជម្រើសច្រើន ដោយសារទី១ហេដ្ឋារចនាសម្ព័នគាត់អាចវិលជុំក្នុងខេត្តភូមិភាគឦ​សានគាត់អាចចល័តទៅខេត្តស្ទឹងត្រែង អញ្ចឹងគាត់សំរាកនៅស្ទឹងត្រែងសិន គាត់ដើរលេងនៅ​ខេត្តស្ទឹងត្រែង​សិន ចាំភ្ញៀវរតនគិរីវិលគាត់ហ្នឹងវិលមករតនគិរីវិញ អញ្ចឹងគឺមានជម្រើសសម្រាប់​​ភ្ញៀវទេសចរសក្តានុពលដើម្បីទាក់ទាញនូវភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តរតនគិរីរបស់ខ្ញុំបាទ»។

សូមបញ្ជាក់ថាខេត្តរតនគិរីមានតំបន់រមណីយដ្ឋានជាច្រើនដូចជា  បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើម​ភាគតិច និងរមណីយ​ដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពល​របស់ខេត្តនៅភូមិភាគឦ​សាន្តមួយនេះ៕