អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យប្រជាពលរដ្ឋកុំរំលោភច្បាប់សាងសង់សំណង់ក្នុងតំបន់ឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC.អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យប្រជាពលរដ្ឋកុំរំលោភច្បាប់សាងសង់សំណង់ក្នុងតំបន់ឧទ្យាន​អង្គរ ដើម្បីធានាអោយតំបន់នេះនៅតែរក្សាបានសណ្តាប់ធ្នាប់ មិនប៉ះពាល់​​ដល់សោភ័ណ​​ភាព និងទេសភាពនៃ តំបន់ប្រាង្គប្រាសាទបុរាណ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ច្បាប់ និងបទបញ្ញត្តិនៃ​ព្រះរាជាណា​ចក្រកម្ពុជាបានកំណត់ថា ដែនដីនៃបេតិកភណ្ឌវប្បធម៌ និង ប្រវិត្តសាស្រ្ត ជាសម្បតិ្តសាធារណៈ​របស់រដ្ឋ។ រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា ” ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ “។

អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះ​ចាស់បាន ដោយ មានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។

ការបង្ហាញកត្តាច្បាប់ទាំងនេះ ដោសារតែអាជ្ញាធរជាតិអប្សរាកត់សម្គាល់ថានៅតែមានការ​លួច​សាង​សង់សំណង់ខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ជាពិសេស​នៅ​ថ្ងៃឈប់សម្រាក ធំៗ តែម្តង។

លោកបន្តថា ទោះបីជាមានផ្សព្វផ្សាយនិងទប់ស្កាត់​រាល់ការសាងសង់សំណង់​ខុសច្បាប់យ៉ាងណាក៏ដោយ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែលួចលាក់ សាងសង់សំណង់របស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់រមណីដ្ឋានអង្គរ។ លោកបន្តថា រាល់សំណងដែលសាងសង់ ដោយមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា គឺត្រូវតែរុះរើចេញដោយគ្មានលក្ខណ្ឌ ដែលបញ្ហានេះនិងធ្វើឲ្យខាតនៅផលប្រយោជន៍​របស់ប្រជាពលរដ្ឋខ្លួនឯង។

លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំសាងសង់សំណង់ខុសច្បាប់ និងកុំជឿតាមការញុះញ៉ុងរបស់ជនខិលខូចមួយចំនួន ដែលធានាថានិងជួយរត់ការ​សុំច្បាប់សាង​​សង់បាន ដោយមិនមានមន្ត្រីជំនាញចុះមកពិនិត្យ។

សំឡេង៖ជាទូទៅយើងសង្កេតឃើញថា មានការលួចសាងសង់នៅសំណង់ខុសច្បាប់ច្រើន ហើយក៏ទទួលបានការរុះរើទៅវិញច្រើនដូចជាគ្នា យើងខ្ញុំក៏មានការព្រួយបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលឆ្លៀតយកឱកាសនាថ្ងៃសម្រាកទូទៅរបស់មន្ត្រីរាជការ សុំកុំធ្វើការសាងសង់នៅសំណង់ខុសច្បាប់ណាមួយ នៅក្នុងរមណីយ​ដ្ឋានអង្គរនាពេលនេះ ពីព្រោះយើងមិនចង់ឲ្យមានការកើតឡើង នៅសំណង់ខុសច្បាប់ដែលបង្ករឡើងផលលំបាកដល់រមណីយដ្ឋានអង្គរទេ ទី២រាល់ការសាងសង់សំណង់ខុសច្បាប់នឹងត្រូវ រុះរើចេញទៅវិញ ដែលនាំឲ្យខូចខាតផល​ប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯង មួយទៀតក៏សូមអំពាវនាវ កុំឲ្យជឿលើការញុះញុង របស់ជនមួយចំនួនដែលអះអាងថា ខ្លួនជាអ្នកធានា រត់ការសាងសង់អ្វីៗទាំងអស់ ក្នុងរមណីយដ្ឋានអង្គរ ព្រោះថារាល់ការសាងសង់ដោយគ្មានការអនុញ្ញាត គឺអាជ្ញាធរអប្សរានិងចាត់វិធានការ រុះរើទៅវិញ ក៏ដូចជា ចាត់វិធានការផ្លូវច្បាប់ នៅរាល់ករណីទាំងអស់ ដើម្បីបង្ការនូវការ​ខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្នុងករណីប្រជាពលរដ្ឋមាន​បំណងស្នើសុំ ជួសជុល ឬកែលំអរលំនៅឋាន សូមធ្វើការដាក់​ពាក្យ​ស្នើសុំ ឬទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ ឬអាជ្ញាធរ​មូល​​ដ្ឋានផ្ទាល់ ព្រោះពួកគាត់ក៏ជាផ្នែកមួយនៃការ ចូលរួមសម្របសម្រួលនៃ​ការជួសជុលសំណង់ខ្លះ។

គួររម្លឹកផងដែរថា របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់​ក្រុមការងារសហគមន៍អាជ្ញាធរជាតិ​អប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូច​តាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើរ៕