ដំណាំឈើហូបផ្លែបីប្រភេទនៅខេត្តមណ្ឌលគិរីកំពុងទទួលទិន្នផលល្អនិងកំពុងពេញនិយម​នៅលើទីផ្សារ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ ដំណាំឈើហូបផ្លែបីប្រភេទនៅខេត្តមណ្ឌលគិរី កំពុងតែទទួលបានទិន្នផលល្អ និងកំពុង​ពេញ​និយមនៅលើទីផ្សារ ដោយសារតែមានរសជាតិឆ្ងាញ់ និងជាផ្លែឈើធម្មជាតិ។

លោកស្រី ប្រាក់ សាវី ម្ចាស់ចំការផ្លែឈើស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដំណាំឈើហូបផ្លែ​ទាំងបីប្រភេទ​រួមមាន ប័រ ទុរេន និងផាសសិន កំពុងតែពេញនិយមនៅលើទីផ្សារ  សំរាប់ប្រជាពលរដ្ឋ​ទិញ​យក​​ទៅបរិភោគ ដោយសារតែវាមានរសជាតិឆ្ងាញ់ និងជាផ្លែឈើបែបធម្មជាតិ គ្មាន​ជាតិគីមី។

ដំណាំឈើហូបផ្លែទាំងបីប្រភេទនេះលោកស្រីបានដាំដុះលើផ្ទៃដីសរុបចំនួន ៧ហិកតា ហើយ​ការ​​ដាំនោះដែរត្រូវប្រើរយៈពេល៦ឆ្នាំ ទើបអាចប្រមូលផល​បាន អាស្រ័យលើការ​ថែទាំបានល្អ​។ ក្នុងនោះដែរ ផ្លែទុរេនអាចលក់បានក្នុងតម្លៃ១០០០០ទៅ១៨០០០រៀលក្នុងមួយគីឡូក្រាម ចំណែកឯ​ផ្លែប័រ និងផ្លែផាសសិន អាចលក់បានក្នុងតម្លៃ៧០០០ទៅ​៨០០០រៀល​ក្នុងមួយ​គីឡូក្រាម ដោយមានភ្ញៀវមកទិញផ្ទាល់ និងមានម៉ូយចាំទទួលទិញ ។

លោកស្រីបានបន្តទៀតថា ជាមធ្យមក្នុងមួយឆ្នាំៗ លោកស្រីអាចរកចំនូល​បានពី១ម៉ឺនដុល្លារ​ទៅ១ម៉ឺន៥ពាន់ដុល្លារ ដែលលើកកម្ពស់សេដ្ឋកិច្ចគ្រួសារលោកស្រីកាន់តែធូធារជាងមុន ។

សម្លេង៖ “និយាយទៅសព្វថ្ងៃហ្នឹង ជួនកាលមានភ្ញៀវមកទិញដល់ចំការទៅ ជួនកាលខ្ញុំ​ដាក់ម៉ូយ​ទៅភ្នំពេញ ទីមួយភាគច្រើនខ្ញុំដាក់ម៉ូយខ្លួនឯងទៅភ្នំពេញតែម្តង គឺថាគាត់ជឿជាក់​របស់យើង ទីពីរផ្លែឈើ​ហ្នឹងខ្ញុំអត់យកមកពីក្រៅមកលក់ឲ្យភ្ញៀវទេ ហើយក្នុងនោះដែរចំណូលជីវភាព យើងក៏អាចទប់ទល់បានកូនរៀន ហើយធូរធារជាងពីមុនដែលយើងមិនទាន់បានដាំ”។

លោកស្រីបានបញ្ជាក់ថា ចំពោះការប្រកបរបរដាំដំណាំឈើហូបផ្លែទាំងបីប្រភេទនេះ គឺប្រើ​រយៈពេល ជាង២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ គឺគាត់នៅតែប្រមូលផល​បានជា​ធម្មតា។ លោកស្រីសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យពួកគាត់ងាកម​កលើក​ស្ទួយនូវផលិតផលផ្លែឈើធម្មជាតិរបស់ខ្មែរ ព្រោះវាគ្មានជាតិគីមី និងមិនប៉ះ​ពាល់ដល់​សុខភាពរ​បស់អ្នកបរិភោគឡើយ៕