មន្ទីរសុខាភិបាលខេត្តកណ្ដាលអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមធ្វើអនាម័យលុបបំបាត់ជំរកមូសខ្លា

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ទុយ សូលីដា

MC៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមរក្សា អនាម័យលុបបំបាត់ជំរកមូសខ្លានៅជុំវិញផ្ទះ ដែលជាប្រភពចម្លង នៃមានជំងឺគ្រុនឈាមនិងជំងឺគ្រុនឈីក ។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានប្រាប់ វិទ្យុជាតិកម្ពុជាអោយដឹងថា ដើម្បីបង្ការនិងទប់ស្កាត់ កុំអោយមាន ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ក្រុមការងារបានចាប់ផ្តើមធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាលបែតនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ភូមិ ឃុំទូទាំងខេត្ត គឺបានចាប់ផ្តើម នៅរដូវភ្លៀងធ្លាក់នេះ  ។  លោកបន្តថា មូលហេតុនាំឱ្យមានការឆ្លងជំងឺគ្រុនឈាម ដោយសារពុំបានទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដូចជា សម្បកកំប៉ុង ឬសម្បកដបជាដើម ដែលជាហេតុធ្វើឱ្យដក់ទឹកនៅខាងក្នុងរបស់ទាំងនោះ ធ្វើឱ្យដង្កូវទឹកពងបង្កើតទៅជាមូសខ្លា ដែលជាប្រភពចម្លងជំងឺបាន។

សំឡេង៖ «ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមអោយគាត់យកចិត្តទុកដាក់ សំអាតធ្វើអនាម័យ និងបរិស្ថានជុំវិញផ្ទះរបស់គាត់ ពិសេសលុបបំបាត់នូវរបស់របរដែលអាចដក់ទឹកបាន ក្នុងនោះមានដូចជា សំបកកំប៉ុង កែវជ័រ ចានជ័រ ដែលយើងបរិភោគរួចហើយយកទៅបោះចោលហ្នឹង សូមកុំបោះចោលពាសវាលពាសកាល ដែលជាហេតុធ្វើឱ្យដក់ទឹកភ្លៀងបាន កើតជាដង្កូវទឹក កើតទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លង  ហើយសំខាន់បំផុតមួយទៀត គឺសម្បកកង់ រថយន្ត ម៉ូតូ ជាប្រភពដែលដក់ទឹកធ្វើឲ្យកើតជាដង្កូវទឹក ជាប្រភពមូសខ្លា សូមបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណា យកទៅកប់ចោល ដាក់នៅកន្លែងណាដែលជៀសផុតពីការដាក់ទឹកភ្លៀងបាន ដែលបង្កឲ្យកើតមានភ្នាក់ងារដែលបង្កឲ្យកើតជំងឺគ្រុនឈីក និងជំងឺគ្រុនឈាមផងដែរ»។

លោកវេជ្ជបណ្ឌិត បន្ថែមថា អត្រាឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស បានថយចុះ ៨៨ ភាគរយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះក៏ពិតមែន ប៉ុន្តែគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល នៅតែមានវិធានការទប់ស្កាត់បន្ថែមទៀត  ខណៈដែលជំងឺគ្រុនឈីកកំពុងផ្ទុះឡើងនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានត្រៀមថ្នាំអាបែត ជាង ២៥០តោន ថ្នាំបាញ់មូសជាង ៦ពាន់លីត្រ និងថ្នាំសេរ៉ូមជិត ១០ម៉ឺនកំប្លោក ដែលអាចប្រើប្រាស់គ្រប់គ្រាន់ក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមនេះ ៕