នាយទាហានឆ្នើមមួកខៀវជាស្រ្តីបានចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចូលរួមបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ


វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖នាយទាហានឆ្នើមមួកខៀវជាស្រ្តីបានចែករំលែកបទពិសោធន៍ជោគជ័យក្នុងការចូលរួមបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងការលើកកិត្យានុភាពជាតិ និងការងារមនុស្សធម៌នៅលើឆាកអន្តរជាតិ ។
លោកស្រីវរៈសេនីយ៍ត្រីវ៉ាន់ វិនាដ ជំនួយការនាយកដ្ឋានរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមានប្រសាសន៍ថាបច្ចុបប្បន្នកងកម្លាំងរក្សាសន្តិភាពជាស្រ្តីកាន់តែមានចំនួនច្រើនបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារមនុស្សធម៌និងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។លោកស្រីបញ្ជាក់ថា នៅក្នុងបេសកម្មរក្សាសន្តិភាពនេះ ក្រុមកម្លាំងរក្សាសន្តិភាពជាស្រ្តីបានពង្រឹងការការពារដល់ជនស៊ីវិលផ្សព្វផ្សាយពីសិទ្ធមនុស្សនិងពង្រឹងការអនុវត្តប្រតិបត្តិការជាមន្ត្រីយោធានគរបាលយុត្តិធម៍អប់រំកែតម្រូវនិងបេសកកម្មតាមទីវាល។
សំឡេង៖ «ក្នុងនាមនាងខ្ញុំដែលបានចូលរួម បេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០១០មក ដែលរាជរដ្ឋាភិបាលបានបញ្ជូន នារីកម្ពុជាយើងទៅចូលរួម បេសកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចឹងដើម្បីអនុវត្តសកម្មភាពនេះ។ ដំបូងនារីទី១ដែលមានការយកចិត្តទុកដាក់ ពង្រឹងសម្ថតភាព កសាងសម្ថតភាពដើម្បីស្របទៅនឹងការងារ ជាអ្នករក្សាសន្តិភាព។នៅពេលដែល យើង ចូលរួមបេសកម្មសន្តិភាព គ្រប់នាទីឬភារកិច្ច ដែលយើងទទួលការចាត់តាំង ពីរាជរដ្ឋាភិបាលគឺយើងអនុវត្ត ឲ្យមានប្រសិទ្ធភាព គ្រប់នាទីទាំងឡាយណាទាំងស្ត្រីនិងបុរសទទួលបានជោគជ័យ ។នៅពេលដែលនាងខ្ញុំចេញជាបុគ្គលិកកងឯកភាពនាងខ្ញុំសង្កេតឃើញថាតួនាទីដែលដាក់មកសំរាប់ស្ត្រី ទាំងជានាយផ្នែកក្តី ទាំងជាអ្នកសម្របសម្រួល ឬជាមេបញ្ជាការរងគឺ បានអនុវត្ត ការងារបានលទ្ធផលដូចបុរសដែរ ។រាល់សកម្មភាពការងារទំនាក់ទំនង សម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ដែលស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងតំបន់បេសកម្ម សន្តិភាព ស្ត្រីគឺមានគុណតម្លៃជាងបុរសដែរ»។
លោកស្រីបញ្ជាក់ថា ដើម្បីចូលរួមបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិជាជំហានដំបូងត្រូវមានក្របខ័ណ្ឌជានាយទាហានស្រាប់មានចំណេះដឹងទូទៅជាពិសេសចំណេះដឹងផ្នែកភាសាបរទេស។ បន្ថែមពីនោះលោកស្រីបន្តថានាយទាហាននេះក៏ត្រូវមានការហ្វឹកហាត់បំប៉នបន្ថែមរយៈពេល៦ខែទៅ១ឆ្នាំលើជំនាញផ្នែកនាយទាហានមុននឹងអនុញ្ញាតឲ្យចេញទៅបំពេញបេសកម្ម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងពិសេសកងទ័ពមួកខៀវមានស្ត្រី ចំនួន៣៦៩នាក់ ដែលបានចូលរួមបេសកម្មរួមមកហើយ ។ស្ត្រីមានចំនួន៧៦នាក់ ដែលកំពុងបេសកម្មនៅចំនួន៥ប្រទេសបន្ថែមទៀត ដូចជា ប្រទេសសូដង់ ប្រទេសសូដង់ខាងត្បូង ប្រទេសម៉ាលី ប្រទេសលីបង់និងប្រទេសអាហ្រ្វិកកណ្តាល៕