កសិករទទួលបានចំណូលប្រមាណ៦ទៅ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំគ្រាន់តែចិញ្ចឹមបង្កងនិងជីកប្រព័ន្ធធារាសាស្រ្តខ្នាតតូចធ្វើកសិកម្ម


វិទ្យុជាតិកម្ពុជា ៖ ស៊ឹងសុផារី
MC ៖ កសិករក្នុងខេត្តតាកែវ អាចរកចំណូលបាន៦ទៅ៧ម៉ឺនដុល្លារក្នុង១ឆ្នាំ ពីការចិញ្ចឹមបង្កង និងវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ជាងមុន អាចជួយបង្កើនប្រាក់ចំណូលជូនគ្រួសារឲ្យមានជីវភាពល្អប្រសើរជាងមុន ។
លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឱ្យដឹងថា ការចិញ្ចឹមបង្កង បច្ចុប្បន្ននេះលោកសម្រេចបានជោគជ័យ គិតទាំងចំណូល ចំណេះដឹងពីការចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូន និងសេវាផ្គត់ផ្គង់ទឹកទាំងអស់នេះ បានបង្ហាញពីសេដ្ឋកិច្ចគ្រួសារមាននិរន្តភាពល្អ ។
លោកបានបន្តថា ជាធម្មតាបង្កងចិញ្ចឹមរយ:ពេល៧ទៅ៨ខែ ដោយត្រឹម១០ក្បាលអាចមានទម្ងន់មួយគីឡូក្រាម ដែលទំហំនេះបង្កងមានតម្លៃពី ៦-៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម ។ សំរាប់ការភ្ញាស់កូនក្នុងមួយឆ្នាំបានប្រហែល៦០ម៉ឺនកូន សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋានផង និងលក់ចែកចាយឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផង ។
លោកបានបន្ថែមទៀតថា ក្រៅពីផលិតកម្មបង្កង លោកក៏បានវិនិយោគទៅលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យកសិករធ្វើស្រែបាន៣ដងក្នុង១ឆ្នាំ ដោយគិតសេវាបូមទឹក២៥ម៉ឺនរៀលក្នុងមួយហិកតា។ ដោយគិតរួមទាំងចំណូលសេវាកម្មបូមទឹក និងចំណូលពីកសិដ្ឋានចិញ្ចឹមបង្កង គឺអាចរកចំណូលបានពី ៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។
សំឡេង(១) ៖ «និយាយរួមតាំងពីបាតដៃទទេរហូតដល់បច្ចុប្បន្ននេះ គឺខ្ញុំបានធូរធាដោយសារចិញ្ចឹមបង្កងនឹងហើយ បើសិនជាយើងមានបច្ចេកទេសគ្រប់គ្រាន់គឺគ្មានអ្វីពិបាកនោះទេ ប៉ុន្តែបើយើងមិនសូវយល់ពីបច្ចេកទេសទេគឺមានការពិបាកតិចហើយ ការចិញ្ចឹមនេះគឺផ្តោតសំខាន់ទៅលើទឹកត្រូវប្តូរផ្លាស់ទឹក និងមើលឲ្យបានល្អ» ។
កសិដ្ឋានរបស់លោក ព្រំ វ៉ាត ចាប់ផ្តើមចិញ្ចឹមបង្កងចាប់តាំងពីឆ្នាំ២០០៧ ដោយមកដល់បច្ចុប្បន្នមានចំនួន១០ស្រះ លើផ្ទៃដី៤,៥ហិកតា អាចទទួលទិន្នផលបានជិត៣តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹមចំនួន៥ម៉ឺនកូន ។
លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងទាំងអស់ក្នុងខេត្ត ត្រូវចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការចិញ្ចឹមដល់ដៃគូចិញ្ចឹមឲ្យបានច្បាស់លាស់ជាទីបំផុត ដែលនេះគឺជាមធ្យោបាយដ៏ល្អប្រសើរ សម្រាប់ធ្វើការពង្រីកអាជីវកម្មចិញ្ចឹមបង្កង ឲ្យមានការរីកដុះដាលទូទាំងខេត្តតាកែវ និងបណ្តាខេត្តដទៃទៀត ដើម្បីចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងសំរាប់ទីផ្សារក្នុងស្រុក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ។
សំឡេង(២) ៖ «ការចិញ្ចឹមបង្កងនិងគឺអ្នកចិញ្ចឹមគាត់បានចំណូលច្រើន ដែលអាចធ្វើឲ្យជីវភាពរបស់គាត់មានភាពធូរធារ ហើយការចិញ្ចឹមនេះទាមទារឲ្យមានបច្ចេកទេសចិញ្ចឹម ដោយម្ចាស់កសិដ្ឋានដែលលក់កូនបង្កងឲ្យទៅកសិករដែលចិញ្ចឹមបន្តនោះ គឺចាំបាច់ត្រូវតែចុះទៅដល់ទីតាំងផងដែល ហើយនឹងផ្ដល់ពីរបៀបគ្រប់គ្រងស្រះ ការផ្តល់បច្ចេកទេសឲ្យបានច្បាស់លាស់ ទើបសម្រេចលក់កូនបង្កងឲ្យទៅកសិករនោះ បើមិនចឹងទេវានឹងទទួលបរាជ័យដែលធ្វើឲ្យអត្រានៃកូនបង្កងនោះវាងាប់ច្រើន »។
សូមបញ្ជាក់ថា ខេត្តតាកែវ មានស្រះចិញ្ចឹមបង្កង ចំនួន២កន្លែងនៅស្រុកអង្គបូរី និងស្រះចិញ្ចឹម បង្កង សាកល្បងចំនួន០២ស្រះនៅស្រុកកោះអណ្តែត ដែលជួយផ្គត់ផ្គង់បង្កងទឹកសាបធម្មជាតិសម្រាប់លក់ក្នុងខេត្តនិងក្រៅខេត្ត ៕