អភិបាលខេត្តមណ្ឌលគីរី អំពាវនាវឲ្យអ្នកវិនិយោគចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ អភិបាលខេត្តមណ្ឌលគីរី អំពាវនាវឲ្យអ្នកវិនិយោគចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានច្រើន ដោយសារតែខេត្តមួយនេះ មានសក្កានុពល ធនធានធម្មជាតិស្រាប់ ជាមួយនឹងផ្លូវគមនាគមន៍ដ៏ល្អដែលជាទីទាក់ទាញភ្ញៀវទេសចរ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា រដ្ឋបាលខេត្តចង់អោយក្រុមអ្នកវិនិយោគមកបោះទុនវិនិយោគលើវិស័យទេសចរណ៍ដូចជា រមណីដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងអាហារដ្ឋាន ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ។
គម្រោងចង់ទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរីនេះ បានធ្វើឡើង ដោយសារតែបច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើនបានសម្រុកមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីកាន់តែច្រើន ប៉ុន្តែនៅខ្វះបន្ទប់ស្នាក់ឬកន្លែងអាហារដ្ឋានដែលបំរើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ។
ទោះជាយ៉ាងនេះក្តីឯកឧត្តមបានបន្តថា មកដល់ពេលនេះខេត្តមានដៃគូ សហការ វិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តបានចំនួន៤០ក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តមបានឲ្យដឹងថា ក្នុងឱកាសដែលខេត្តកំពុងទទួលបានភ្ញៀវទេសចរដ៏ច្រើននេះ អាជ្ញាធរ ពាក់ព័ន្ធក៏បានរៀបចំកែលម្អតំបន់រមណីយដ្ឋានមួយចំនួនដូចជា ជំរុញឲ្យមានអនាម័យល្អ បរិស្ថានស្អាត ដើម្បីឲ្យភ្ញៀវទេសចរមានភាពកក់ក្តៅ លេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។
សំលេង ៖ ខេត្តមណ្ឌលគីរីជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ចឹងពិតជាបានរួមចំណែកការអភិវឌ្ឍការវិនិយោគខេត្តមណ្ឌលគីរីរបស់យើងនេះតាមរយៈការពង្រីកវិស័យទេសចរណ៍ ក៏ដូចជារមណីយដ្ឋាន ដូចជារៀបចំកែលម្អនៅតំបន់រមណីយដ្ឋាននានាមួយចំនួន ដែលនេះជាលទ្ធភាពខេត្តមណ្ឌលគីរីត្រូវតែជំរុញវិស័យមួយនេះដើម្បីបម្រើសេវាភ្ញៀវជាតិនិងអន្តរជាតិ» ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគីរី មានរមណីយដ្ឋានបែបធម្មជាតិជាច្រើនកន្លែង ដែលមានភាពទាក់ទាញសំរាប់មកលេងកម្សាន្ត មានដូចជា រមណីយដ្ឋានឧទ្យានធម្មជាតិទឹកធ្លាក់ប៊ូស្រា រមណីយដ្ឋានសមុទ្រឈើ-ភ្នំបាយឆៅ រមណីយដ្ឋានចំការកាហ្វេ រមណីយដ្ឋានភ្នំដោះក្រមុំ រមណីយដ្ឋានអណ្តូងស្នេហ៍ រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ ទេសភាពភូមិជនជាតិ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងរមណីយដ្ឋានផ្សេងៗទៀតជាច្រើនកន្លែង ៕